(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រមាណជិត ១០០០នាក់ ដើម្បីធ្វើការណែនាំខ្លួន, ផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ុក ប្រជា បេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងព្រះ, លោក ផាន អូន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន, លោក ឡោ ចាន់លី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សខេត្តកំពង់ចាម, លោក មាស ទួក ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជ្រៃវៀន ជាច្រើនរូប។

ក្នុងឱកាសនោះ លោកបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំខ្លួនអំពីជីវប្រវត្តរបស់ លោកផ្ទាល់ ជាពិសេសប្រវត្តនៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការកសាងជាតិមាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយបានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសារលម្អិតកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ផងដែរ។

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបេក្ខជនតំណាងរាស្រ្ត បន្តថា កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន ផងដែរ ដែលជាកត្តាធ្វើឱ្យកម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។

លោក ប៉ាន សូរស័ក្តិ បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ ជាពិសេស សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕