(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតរវាងភាគី(ក) ឈ្មោះ ហង្ស សឿន និងភាគី(ខ) ឈ្មោះ វ៉ាន វឿន ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្ត ជាង៥ឆ្នាំមកហើយ ពាន់ព័ន្ធទៅនឹងករណីរំលោភយក ដីលំនៅដ្ឋាន ដែលមានទំហំ ៥០x៣០០ម៉ែត្រត្រង់ចំណុចអូរកំបោរ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងកិច្ចដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ធ្វើឡើងនៅសាលាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពីលោក ចេង ឡៃ អភិបាលរងខេត្តទទួលបន្ទុក លោកអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុកនិងភាគី ដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និងគ្មានអ្នកចាញ់គឺតម្រូវឲ្យភាគី ទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមកលោកនឹងធ្វើការ ដោះស្រាយជូន។
លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព ជាពិសេសកូននឹងម្តាយចុង គឺមានជារៀងរហូត»។
សូមបញ្ជាក់ថា បញ្ហាទំនាស់ដីលំនៅដ្ឋានទំហំ ៥០x៣០០ម៉ែត្រនេះ គឺកើតឡើងជាង៥ឆ្នាំមកហើយ សម្រាប់យន្តការដោះស្រាយដ៏មាន ប្រសិទ្ធិភាព និងជឿជាក់ក្រៅប្រព័ន្ធតុលាការរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្វើឲ្យភាគីទាំងសងខាងយល់ព្រមនិង ពេញចិត្តទទួលដំណោះស្រាយ ព្រមទាំងបានដកពាក្យ បណ្តឹងពីតុលាការវិញ ដោយភាគី(ខ) ឈ្មោះ វ៉ាន វឿន ទទួលបានដីទំហំ ១២x៣០០ ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ជាមួយភាគី(ក) ឈ្មោះ ហង្ស សឿន។ ជាមួយគ្នានោះលោកចាត់ឲ្យមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។ នៅក្នុងថ្ងៃដដែលនោះលោកអភិបាលខេត្ត ពោធិ៍សាត់ បានចុះពិនិត្យមើលសំណង់អាគាររដ្ឋបាលសាលាស្រុកវាលវែង និងបន្តសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីនៅ ចំណុច អូរតកឡក ភូមិស្ទឹងថ្មី ឃុំប្រម៉ោយចំនួន៤គ្រួសារទៀតផងដែរ៕