(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ក្នុងករណីមានរក្សាទុកអត្តសញ្ញាណប័ណ្ណភ្នាក់ងារសន្ដិសុខរបស់ខ្លួន ត្រូវផ្ដល់ជូនមកកាន់ភ្នាក់ងាររបស់ខ្លួនវិញ ដើម្បីអាចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិសបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំដកពិសោធន៍គ្រប់គ្រងសន្ដិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ព្រមទាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ដែលកន្លងមកសហការគ្នាបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវជួយសម្រួលពេលវេលាឈប់សម្រាក ដល់ភ្នាក់ងាររបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត ហើយត្រូវជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមករវាងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ដែលផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ។
ទន្ទឹមនឹងអ្វីដែលបានសហការល្អកន្លងមកនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានជំរុញដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ត្រូវបន្ដកិច្ចសហប្រតិបត្តិការបែបនេះ ជាពិសេសត្រូវបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនមានសមត្ថភាព ចំណេះ និងជំនាញកាន់តែច្បាស់លាស់ ហើយកាន់តែទទួលបានការគាំទ្រ និងទំនុកចិត្តពីអថិតិជន។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសរំលេចបន្ថែមថា ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងវិន័យដល់ភ្នាក់ងាររបស់ខ្លួនទាំង អាកប្បកិរិយា ក្របសីលធម៌ សម្លៀកបំពាក់ ហើយត្រូវគោរពឲ្យបាននូវលិខិតបទដ្ឋាន គតិយុត្តដែលមានចែងជាធរមាន។ លើសពីនេះ មិនត្រូវរារាំងដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញត្រូវផ្ដល់កិច្ចសហការឲ្យបានល្អ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានដោះស្រាយ ឆ្លើយតបនូវសំណូមពរមួយចំនួនរបស់ ស្នងការដ្ឋាននគរបាលរាជនី-ខេត្ត ក៏ដូចជាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន បានលើកឡើងក្នុងអង្គពិធី។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានឲ្យដឹងថា បច្ចុប្បន្ននេះ ភ្នាក់ងារសន្តិសុខឯកជនកំពុងបម្រើការងារទូទាំងប្រទេសចំនួន៣១,០៣០នាក់/២៨,៦៨១នាក់ ប្រៀបធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២២ កើនឡើង២,៣៤៩នាក់ ស្មើនឹង៨.១៩% (ស្រី២,៤៤៨/២៣៧៦នាក់ កើនឡើង៧២នាក់ ស្មើនឹង៣.០៣% ក្នុងនោះរួមមាន៖
*ទី១៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន២៨៤/២៦១ក្រុមហ៊ុន កើនឡើង២៣ក្រុមហ៊ុន ស្មើនឹង៨.៨% មានភ្នាក់ងារសន្តិសុខឯកជន ១៦,១០១/១៤,៩១៩នាក់ កើនឡើង ១.១៨២នាក់ ស្មើនឹង៧.៩២% (ស្រី២.១០៤/២.០៣៧នាក់ កើនឡើង៦៧នាក់ ស្មើនឹង ៣.២៨%)។
*ទី២៖ សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុបចំនួន២,០៤៤/១,៩៧១គ្រឹះស្ថាន កើនឡើង៧៣ទីតាំង ស្មើនឹង៣.៧% ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៤,៩២៩/១៣,៧៦២នាក់ កើនឡើង១,១៦៧នាក់ ស្មើនឹង៨.៤៧% ស្រី៣៤៤/៣៣៩នាក់ កើនឡើង៥នាក់ ស្មើនឹង១.៤៧% មានគោលដៅ ២,២០៦/២,១៤៤ ទីតាំង កើន ឡើង៦២ទីតាំង ស្មើនឹង២.៨៩%។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ភ្នាក់ងារសន្តិសុខឯកជន បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមផ្តល់ព័ត៌ តាមប្រព័ន្ធសង្គមអំពីសន្តិសុខ សណ្តាប់ធ្នាប់សង្គមដូចជា ចោរឆក់តាមផ្លូវសារធារណៈ ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្មេងស្ទៀវបង្ករភាពភ័យខ្លាច អគ្គីភ័យ គ្រោះថ្នាក់ចរាចរ និងគ្រឿងញៀន កើតមាននៅតាមគោលដៅខ្លួនឈរជើង។ ក្រៅពីនេះក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់ រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
បន្ថែមពីនេះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ចូលរួមព្រឹត្តការណ៍នានា ជាពិសេសព្រឹត្តការណ៍ប្រកួតកីឡាជាតិ ចំនួន៥០០នាក់ ព្រឹត្តការណ៍ប្រកួតកីឡា SEA Games និងកីឡា PARA Games ចំនួន៥៩៨នាក់ និងព្រឹត្តការណ៍កិច្ចប្រជុំកំពូអាស៊ាន ដែលជាព្រឹត្តការណ៍ជាប្រវត្តសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕