(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ទទួលបានកាដូថ្មីពីរាជរដ្ឋាភិបាល គឺផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែងសរុប១២,៤០០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ជាង២លានដុល្លារអាម៉េរិក សម្រួលការធ្វើដំណើរជូនភ្ញៀវជាតិ/អន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែដែលកំពុង់ដំណើរការសាងសង់ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក គុយ ឆាយ បានលើកឡើងថា ជាប្រវត្ថិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ ដែលទទួល​បាននូវ​សមិទ្ធផលពីរាជរដ្ឋាភិបាលកម្ពុជា គឺផ្លូវក្រាលកៅស៊ូ ដែលតភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្កទៅស្រុកប្រាសាទសំបូរ ដែលជាតំបន់ប្រវត្តិសាស្រ្តសម្រាប់ភ្ញៀវជាតិ/អន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក គុយ ឆាយ បានថ្លែងថា ផ្លូវជាសេដ្ឋកិច្ចដ៏សំខាន់​របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពីតំបន់​សេដ្ឋកិច្ចនៃ​ច្រក​ផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅក្នុងតំបន់នេះជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែង ដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច ទាន់ពេលវេលា ម្យ៉ាងទៀតផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យតំណាងឱ្យប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ផ្លូវស្អាត ភ្លើង ស្ពាន ប្រព័ន្ធ ធារាសាស្ត្រស្រោចស្រព ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ នេះហើយជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតលើបងប្អូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ៕