(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីរក្សាបាននូសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ សូមភាគីពាក់ព័ន្ធទាំងអស់ត្រូវបេ្តជ្ញារួមគ្នារក្សាសុខសន្តិភាព សុវត្ថិភាព សេរីភាព របៀបរៀបរយបម្រើនឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ មេប៉ុស្តិ៍ទាំង២៩ មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅខេត្ត គឺល្អហើយការរៀបចំរបស់ខេត្តបានល្អ ស្នើសុំក្របខ័ណ្ឌគណៈបញ្ជាការឯកភាពខេត្ត ក្តាប់បញ្ហាទាំងនេះឱ្យបានល្អ ត្រូវអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ ហើយកិច្ចការនេះធ្វើមិនមែនមួយថ្ងៃបោះឆ្នោតនោះទេ ត្រូវអនុវត្ត រហូតដល់ថ្ងៃបោះឆ្នោតជារួចរាល់ និងត្រូវមានមន្ត្រីប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដោយការទទួលខុសត្រូវលើផែនការដែលបានដាក់ចេញឱ្យបានហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យបរិយាកាសនយោបាយប្រជាធិបតេយ្យ ដើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាគណបក្សនយោបាយនានា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាក់ទងការធ្វើលិខិតបញ្ជាក់ការបោះឆ្នោត នៅខេត្តព្រះសីហនុ មានជាង ២ម៉ឺននាក់ ដែលអត្តសញ្ញាណបណ្ណលើសសុពលភាព២០២២-២០២៣ តែរាជរដ្ឋាភិបាលបានចេញលិខិតពន្យារការប្រើប្រាស់នេះ ដែលប្រជាពលរដ្ឋអាចកាន់អត្តសញ្ញាណបណ្ណលើសសុពលភាពទៅបោះឆ្នោតបាន ប៉ុន្តែក្នុងចំណោមអ្នកជាង ២ម៉ឺននាក់ មន្ត្រីនគរបាលបានខិតខំធ្វើអត្តសញ្ញាបណ្ណផ្តល់ជូនពួកគាត់បានជាង ១៣,០០០សន្លឹក និងនៅសល់ប្រហែលជាង ៥,០០០នាក់ទៀត និងអ្នកដែលបាត់អត្តសញ្ញាណបណ្ណ។
លោក គួច ចំរើន បានបន្តថា អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់គ្រប់គ្រងបរិយាកាស ព្រោះជាមន្រ្តីរាជការសាធារណៈមានភារកិច្ចទទួលខុសត្រូវរក្សាអព្យាក្រឹត្យ រក្សាតម្លៃការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។
លោកថាប្រទេសកម្ពុជា បានលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ទោះបីមានតួនាទីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តែជាពលរដ្ឋកម្ពុជា មានសិទ្ធិចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយគ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតនៅខេត្តព្រះសីហនុ មានចំនួន១២ គណបក្សនយោបាយ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មានកាតព្វកិច្ចការពារ ថែរក្សាគណបក្សនយោបាយទាំង១២ ឱ្យធ្វើសកម្មភាពស្របតាមច្បាប់នៅលើដែនដីរដ្ឋបាល នៅខេត្តឱ្យបានដូចគ្នា ដើម្បីឱ្យបរិយាកាសនយោបាយនៅខេត្តព្រះសីហនុ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ៕