ម៉ាឡេស៊ីបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ៥០គ្រឿង តម្លៃ ៥,៥ពាន់លានដុល្លារ
27-07-2016 16:02
(គូឡាឡាំពួរ)៖ អាកាសចរណ៍ម៉ាឡេស៊ី បានប្រកាសថាខ្លួនទើបតែធ្វើការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ចំនួន ៥០គ្រឿង ដែលជាលើកទី១ត្រូវធ្វើការកុម្មង់ ២៥គ្រឿងសិន ទើបអាចបញ្ជាទិញ ២៥គ្រឿងទៀត នាតំណាក់កាលបន្ទាប់ ដែលគិតជាទឹកប្រាក់សរុប ៥,៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦។
យន្តហោះទាំង ៥០គ្រឿងនឹងត្រូវបញ្ជូនមកដល់នៅឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុន ផលិតរបស់សហរដ្ឋអាមេរិកមួយនេះ ខណៈម៉ូដែលប្រភេទនេះ ជាយន្តហោះដែលធ្វើការកែសម្រួលម៉ាស៊ីន ពីម៉ូដែល មុន ដែលមានការពេញនិយមបំផុតទូទាំងសកលលោក។ យន្តហោះទាំងនេះ នឹងធ្វើឲ្យថ្លៃធ្វើដំណើរតាមផ្លូវអាកាស របស់ម៉ាឡេស៊ី មានភាពប្រសើរជាងមុន ខណៈតម្រូវការក៏កំពុងកើនឡើងផងដែរ។
គួរបញ្ជាក់ថា ក្រោយយន្តហោះ Boeing 737 MAX មកដល់ យន្តហោះ Boeing 737-800 ចំនួន ៥៦គ្រឿងដែលមាន ស្រាប់នោះ មួយចំនួននឹងត្រូវដកចេញពីការហោះហើរ ដោយសារតែដល់អាយុកាលកំណត់។ សម្រាប់ស្ថានភាពពីរឆ្នាំ ជាងមកនេះ ប្រទេសម៉ាឡេស៊ីបានព្យាយាមយ៉ាងត្រដាបត្រដួសក្នុងការស្តារ និងអភិវឌ្ឍន៍ វិស័យអាកាសចរណ៍ ឡើងវិញក្រោយទទួលរងការវាយប្រហារយ៉ាងដំណំ ដោយសារការបាត់យន្តហោះ MH370 និងការធ្លាក់យន្តហោះ MH17 កាលពីឆ្នាំ ២០១៤៕