(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រមាណ ១៨០០នាក់ ក្នុងមូលដ្ឋានឃុំពោធិបាន និងឃុំកំពង់កុង នៃស្រុកកោះធំ ខេត្តកណ្តាល។

ជាមួយនឹងការចុះជួបសំណេះសំណាលនាឱកាសនោះបងប្អូនប្រជាពលរដ្ឋទាំង ១៨០០នាក់ បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត។ ជាពិសេសជាមួយនឹងការស្រលាញ់ពេញចិត្តឥតងាករេ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តដឹកនាំ និងគ្រប់គ្រងស្រុកកោះធំ និងក្រុងសំពៅពូនជាបន្តទៀតផងដែរ។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋពីសមិទ្ធផលសំខាន់ដែលកើតមានរួចហើយ និងកំពុងកើតមាននៅស្រុកកោះធំ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងមានបញ្ជាក់ជូនទៀតថា សមិទ្ធផលដែលបានលើកមាននោះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សបន្តទៀតផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឱ្យសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕