(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានលើកឡើងថា សន្តិភាព ដែលខ្មែរបានមកដល់ថ្ងៃនេះ គឺបានមកដោយ ញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូររបស់សម្តេចតេជោ ហ៊ុន សែន។ លោកថា សម្តេចប្រហែលជាមិនល្អ ១០០% ដូចពួកអ្នករមឹលគុណគាត់ចង់បានទេ តែគាត់លើសពី ១០០% សម្រាប់អ្នកដឹងគុណគាត់ ដែលស្គាល់ពីតម្លៃនៃការលះបង់របស់គាត់ និងទទួលស្គាល់នូវសច្ចៈភាពប្រវត្តិសាស្ត្រ។

លោក សួន សេរីរដ្ឋា បានលើកឡើងថា៖ «សន្តិភាព ដែលខ្មែរបានមកដល់ថ្ងៃនេះគឺបានមកដោយ ញើសឈាម និងទឹកភ្នែក ជាមួយនឹងការយកជីវិតទៅប្តូរ របស់បុរសម្នាក់នេះ។ ពេលនេះ គាត់បន្តដឹកនាំយើង ការពារសន្តិភាព ដែលគាត់ខំប្រឹងប្រែងយកមកឱ្យយើង… ហើយខំពន្យល់អប់រំយើងឲ្យស្គាល់ពីតម្លៃសន្តិភាពមួយនេះ ដែលបានមកដោយលំបាក»

ជាមួយគ្នានេះដែរ លោកបានន្ថែមថា សម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកបង្កើតសង្គ្រាម… តែគាត់ជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា «គាត់មិនមែនជាអ្នកនាំប្រទេសទម្លាក់ចូលរណ្តៅសូន្យ… តែគាត់ជាអ្នកប្រើដៃទាំងពីរនិងកម្លាំងដែលគាត់មាន ចាប់លើកយកអាយុជីវិតប្រជាជននិងប្រទេសជាតិ ចេញពីរណ្តៅសូន្យ រហូតមកដល់ថ្ងៃនេះ! គាត់មិនត្រឹមតែជាមេដឹកនាំប្រទេសប៉ុណ្ណោះទេ… តែអ្វីៗដែលគាត់ធ្វើ កាត់លះបង់ និងពលីកម្មកន្លងមក គឺក្នុងលើសពីឪពុករបស់ប្រជាជនកម្ពុជាទាំងមូល»

បន្ថែមពីនេះ លោក សួន សេរីរដ្ឋា បានគូសបបញ្ជាក់ថា «គាត់ប្រហែលជាមិនល្អ ១០០% ដូចពួកអ្នករមឹលគុណគាត់ចង់បានទេ។ តែគាត់លើសពី ១០០% សម្រាប់អ្នកដឹងគុណគាត់ ដែលស្គាល់ពីតម្លៃនៃការលះបង់របស់គាត់ និងទទួលស្គាល់នូវសច្ចៈភាពប្រវត្តិសាស្ត្រ»

លោក សួន សេរីរដ្ឋា បានថ្លែងថា មកដល់ថ្ងៃនេះ គាត់គ្មានចង់បានអ្វីក្រៅពីឱ្យខ្មែររួបរួមសាមគ្គីគ្នា ការពារសន្តិភាព និងលុបបំបាត់ឱ្យអស់នូវមនោគមវិជ្ជានយោបាយជ្រុលនិយម ដែលនាំឱ្យខ្មែរបែកបាក់ បាត់បង់សន្តិភាពជាថ្មី៕