(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ថ្លែងក្នុងឱកាសនេះ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ ជាលើកទី២ នៅកម្ពុជា។ សម្តេចបានបន្តថា បេសកកម្មការងារមនុស្សធម៌ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងពង្រីកជាប្រចាំ លើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងមានចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។

ក្នុងនាមគណៈប្រតិភូ លោក Kim Jung Nam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូរបស់លោក។ លោកបានជម្រាបជូនសម្តេចថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមូលនិធិចែករំលែកសង្រ្គោះជីវិត សកលនៃសាធារណរដ្ឋកូរ៉េ កាលពីខែកញ្ញា ឆ្នាំ២០២២ ជាជំនួយរបស់មូនិធិ ដែលមានទឹកប្រាក់ចំនួន ៥,៦លានដុល្លារ សហរដ្ឋអាមេរិក ត្រូវបានអនុវត្តជា៥លើក ដើម្បីជួយជាសម្ភារបរិក្ខារចាំបាច់ផ្សេងៗដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងអនុវត្តអនុស្សារណៈយោគយល់គ្នា សម្រេចបានក្នុងទឹកប្រាក់ចំនួន ១០លានដុល្លារ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ដោយមើលឃើញអំពីលទ្ធផលអនុស្សារណៈយោគយល់គ្នានេះ ដែលអាចអនុវត្តសម្រេចបានលឿន ដូចនេះការចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នាពេលបន្ទាប់ នឹងកំណត់រយៈពេល៣ឆ្នាំវិញ ដោយផ្តោតសំខាន់លើផ្នែកសុខាភិបាល វិស័យអប់រំ និងសង្គមកិច្ច។ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះ ដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបន្តទៀត។

ជាមួយគ្នានេះលោកប្រធានមូលនិធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់ការបំពេញការងាររបស់ មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនាពេលកន្លងមកជាពិសេសការបំពេញទស្សនកិច្ចនាពេលនេះ ឱ្យបានប្រព្រឹត្តទៅដោយរលួន និងបានយូរអង្វែងល្អប្រសើរ។ មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នឹងបន្តការគាំទ្រប្រទេសកម្ពុជាបន្ថែមទៀតតាមរយៈការបន្តចុះ និងអនុវត្តអនុស្សារណៈយោគយល់គ្នា ដើម្បីប្រជាជន និងប្រទសកម្ពុជា។

លើសពីនេះ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនលោកប្រធានមូលនិធិថា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បាននាំយកជំនួយទាំងនោះទៅចែកជូនប្រជាជន មន្ទីរពេទ្យ និងអាជ្ញាធរមូល-ដ្ឋាននៅខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្តាល បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តព្រះសីហនុ។ កាយវិការដ៏សប្បុរសរបស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល ពិតជាបានរួមចំណែកជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះទៀត សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជក់ឡើងវិញនូវការបន្តគាំទ្ររាល់បេសកកម្មការងារមនុស្សធម៌របស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងសូមលើកទឹកចិត្តដល់គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បន្តសហការជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ឆ្នាំ២០២២ ឱ្យបានល្អប្រសើរ និងពិនិត្យលទ្ធភាពជួយសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាព និងសាលារៀន តាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អដោយផ្លែផ្កា និងក្របកដោយប្រសិទ្ធភាព ជានិច្ច។ សម្តេចប្រធានព្រឹទ្ធសភា សូមប្រសិទ្ធពរជូនលោកប្រធានមូលនិធិ និងគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ ទទួលបាននូវការរីករាយក្នុងការស្នាក់នៅ និងបំពេញបេសកកម្មមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា៕