(ភ្នំពេញ)៖ អតីតមេទ័ពជាយដែន នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ក្នុងនាមសាកលវិទ្យាធិការរង នាយទាហាន ពលទាហាន និស្សិត និងសិក្ខាកាមទាំងអស់នៃសាកលវិទ្យាល័យការពារជាតិ សូមអបអរសាទរខួប១៥ឆ្នាំ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨-៧កក្កដា ២០២៣។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានគូសបញ្ជាក់ថា ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលយើងជាប្រជាជនកម្ពុជា ត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
នាយឧត្តមសេនីយ៍ ជា តារា បានរំលឹកឡើងថានៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ដំណើរជាផ្លូវការដើម្បីចុះបញ្ជីបា្រសាទព្រះវិហារ។ រាជរដ្ឋាភិបាល កម្ពុជាបានចំណាយពេលអស់៦ឆ្នាំមុននឹងឯកសារគាំទ្រការចុះបញ្ជីបានត្រូវបញ្ចប់ និងបញ្ជូនទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដើម្បីឱ្យអង្គការយូណេស្កូយល់ព្រមដែលជាផ្លូវការបើកផ្លូវ សម្រាប់ការចុះទីតាំងដ៏ជាទីសក្ការៈនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) ដែលមានប្រទេស២១ ជាសមាជិកជ្រើសរើសក្នុងចំណោមប្រទេសសមាជិក១៨៦ នៃអនុសញ្ញាស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ពិភពលោកទីក្រុងហ្សឺណែវ ឆ្នាំ១៩៧២។
នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា កាលប្រវត្តិនៃការចុះឈ្មោះ៖
*ថ្ងៃទី១០ តុលា ២០០១ សម្ដេចតេជោ ហ៊ុន សែន ស្នើសុំចុះបញ្ជី
*ថ្ងៃទី៣០ មិថុនា ២០០៦ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោក យូណេស្កូ បារីស
*ថ្ងៃទី២៣-២៩ តុលា ២០០៦ បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្ដរជាតិ វាយតម្លៃ ប្រាង្គប្រាសាទ និងរមណីដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ
*២១ មករា ២០០៧ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS
*២៣ មិថុនា- ២ កក្កដា ២០០៧ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្រៃឆឹច (Christchurch) ប្រទេសណូវែលហ្សេឡង់ (Neubelle Zelande)
កិច្ចប្រជុំលើកទី៣២របស់ WHC នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នាទីក្រុងកេបិច ប្រទេសកាណាដា បានសម្រេចជាឯកច្ឆន្ទចុះក្នុងបញ្ជីបា្រសាទព្រះវិហារដ៏ល្បីល្បាញដែលជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ»។
ប្រាសាទព្រះវិហារ ដែលជាស្ថាបត្យកម្មរបស់ខ្មែរបានសាងនៅសម័យអង្គរ ស្ថិតនៅចុងភាគខាងត្បូង នៃថ្មលយនៃភ្នំព្រះវិហារ មានកម្ពស់៦២៥ម៉ែត្រលើជួរភ្នំ”ដងរែក” ទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោកដែលមានតម្លៃជាសាកល ក្រោមសេចក្ដីសម្រេច 32 COM 8B. 102។
បា្រសាទនេះមានប្លង់អ័ក្សជើង-ត្បូង ប្រវែង៨០០ម៉ែត្រ ជាមួយនឹង «គោបុរៈ និងផ្លូវក្រាលថ្ម» ជាបន្ដបន្ទាប់ ទៅរកទីសក្ការបូជាចម្បងឬគោបុរៈទី១នៅចុងចំណោតខាងត្បូង។
*មាគ៌ាទៅកាន់ទីក្រុងកេបិចជាមាគ៌ាដ៏វែង និងដ៏លំបាកមួយ
មួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី១៤ កក្កដា ២០០៨ ពិធីអបអរសាទរ មួយត្រូវបានរៀបចំឡើងដោយ សាលារាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននៅក្នុងពហុកីឡាដ្ឋានជាតិ ដើម្បីទទួលការអញ្ជើញមកដល់របស់គណៈប្រតិភូកម្ពុជាពីទីក្រុងកេបិច ប្រទេសកាដាណា។ ព្រឹត្តិការណ៍បានពង្រឹងបន្ថែមទៀតនូវឯកភាពជាតិទំាងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកតម្កើងមោទនភាពជាតិតាមរយៈការសម្រេចស្នាដៃរបស់គណៈប្រតិភូកម្ពុជា។
នៅថ្ងៃបន្ទាប់ គឺថ្ងៃទី១៥ កក្កដា ២០០៨ ដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមូលដ្ឋាន គតិយុត្តិអន្ដរជាតិទាំងស្រុង ទាហានថៃបានឆ្លងព្រំដែនកម្ពុជាចូលមកយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា តម្រង់ មកបា្រសាទព្រះវិហារដែលទើបបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗនេះ ហើយកាន់កាប់ «ទីជិត ខាងក្បែរប្រាសាទលើទឹកដីកម្ពុជា» រួមទាំងវត្តកែវសិក្ខាគីរីស្វារៈ និងតំបន់ជុំវិញវត្តទៀតផង។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបញ្ជាក់ថា សង្គ្រាមមិនមែនជារឿងចម្លែកឡើយ ព្រោះប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់ជម្លោះប្រដាប់អាវុធជាច្រើន ទសវត្សមកហើយ។ ប៉ុន្កែកម្ពុជាមានការភ្ញាក់ផ្អើល និងខកចិត្តទៅនឹងអ្វី ដែលថៃបានប្រតិកម្មចំពោះព្រឹត្តិការណ៍នៃសេចក្ដីសម្រេចថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច។
កម្ពុជាត្រូវតែការពារបូរណភាពទឹកដីទោះត្រូវលះបង់យ៉ាងណាក៏ដោយ ប៉ុន្ដែជាតិទាំងមូលមានការ អត់ធ្មត់ប្រកបដោយវិចារណញ្ញាណ ដោយទុកបញ្ជានេះជូនរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី៕