(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកគ្រូ គីម ច្រែង ដែលជាអតីតគ្រូរបស់សម្តេច នៅវត្តបុស្សសុមាលី ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ខណៈដែលចូលរួម នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោកគ្រូ គីម ច្រែង នាពេលនេះ ក៏មានការរៀបចំពិធីសូត្រមន្ត និងប្រគេនគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនចំពោះ ព្រះសង្ឃ និងជូនថវិកាទៅដល់ ចាស់ៗមួយចំនួនទៀត។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ អុកធូប និងចូលទៅក្នុងចេតិយ៍ តំកល់សព លោកគ្រូ គីម ច្រែង និងបានទស្សនាបរិវេណ នៃចេតិយ៍ ផងដែរ។
សូមជំរាបថា នៅព្រឹកមិញនេះ សម្តេចចតេជោ ហ៊ុន សែន បានចុះជួបសួរសុខទុក្ខ និងពិនិត្យមើលការលក់ដូររបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ នៅក្នុងផ្សារស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង បានសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ត្រី លក់ពោតស្ងោ លក់បន្លែ និងប្រជាពលរដ្ឋដែលអញ្ជើញមកទិញឥវ៉ាន់ នៅផ្សារនេះផងដែរ។
នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជីវករ និងមន្រ្តីរាជការ កងរាជអាវុធហត្ថ នៅបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ ស្ទឹងត្រែងជាដើម។
តាមគម្រោងក្រោយពីបញ្ចប់ទស្សនកិច្ច និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ អាជីវករ និងមន្រ្តីរាជការ នៅខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរទៅកាន់ ខេត្តត្បូងឃ្មុំបន្តទៀត៕