(បន្ទាយមានជ័យ)៖ ក្រោយពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក១កន្លែង នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ដោយទុករយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ជាកំហិតដើម្បីកែប្រែកុំឲ្យមានក្លិនស្អុយដល់អ្នកជិតខាង ប៉ុន្ដែម្ចាស់កសិដ្ឋាន ឈ្មោះ ចៅ ឆុង មិនបានអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ទើបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ អាជ្ញាធរសម្រេចបិទតែម្ដង ទោះបីម្ចាស់កសិដ្ឋានសុំឲ្យអាជ្ញាធរទុករយៈពេល២ខែទៀតក៏ដោយ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីការចុះត្រួតពិនិត្យ នៅទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកផ្ទាល់ សមត្ថកិច្ចសង្កេតឃើញថា ម្ចាស់កសិដ្ឋានមិនគោរព និងអនុវត្តតាមសេចក្តីជូនដំណឹង របស់សាលាខេត្តបន្ទាយមានជ័យឡើយ ដោយឲ្យមានការប្តូរទីតាំង ដោយមិនបង្កឲ្យមានក្លិនស្អុយនោះ តែបញ្ហាក្លិនស្អុយលាមកជ្រូក និងការហូរទឹកស្អុយ មកខាងក្រៅ ដែលបង្កឲ្យជះក្លិនស្អុយដល់អ្នកជិតខាង នៅតែបន្ដមានដដែល ព្រោះតែការចិញ្ចឹមនេះ មិនបានធ្វើឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេក នៃការចិញ្ចឹមជ្រូកឡើយ ហើយបង្កឲ្យប៉ះពាល់ដល់ បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែទន្ទឹមនឹងការបិទនេះ ម្ចាស់កសិដ្ឋាន ក៏បានសំណូមពរដល់ក្រុមការងារវិញថា ទី១-ស្នើសុំរយៈពេល២ខែ ព្រោះអីជ្រូករបស់គាត់ទើបមានទម្ងន់៣០គីឡូក្រាមប៉ុណ្ណោះ ទី២-ឈប់មានចិញ្ចឹមលើអគារដូចមុន ហើយធានាមិនឲ្យមានជះក្លិនស្អុយ និងមានទឹកស្អុយហូរចេញក្រៅ និងទី៣-សុំចិញ្ចឹមនៅខាងក្រោមវិញ ដោយធ្វើរបងបេតុង មានឡជីវឧស្ម័ន និងធានាមិនឲ្យមានក្លិនស្អុយជះមកខាងក្រៅ។ ពាក់ព័ន្ធជាមួយការសំណូមពររបស់លោក ចៅ ឆុង ម្ចាស់កសិដ្ឋាននេះក្ដី ក៏លោក លី សារី មិនបានឆ្លើយតបអ្វីទេ ដោយលោកនិយាយថា រាល់សំណូមពររបស់ម្ចាស់កសិដ្ឋាន លោកនឹងធ្វើរបាយការណ៍ ជូនលោកអភិបាលបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច៕