(កំពង់ចាម)៖ ដីស្រែរេចរឹលដ៏ធំល្វឹងល្វើយប្រមាណជាង ១ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជាប់ព្រំប្រទល់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ កំពុងតែប្រើប្រាស់គ្រឿងចក្រទំនើបៗខ្នាតយក្ស ដើម្បីជីក និងស្តារដីធ្វើជាទំនប់ ធ្វើការអភិវឌ្ឍន៍តំបន់នោះ ឲ្យក្លាយទៅជាតំបន់កសិកម្ម ដំណាំស្រូវក្រអូបធម្មជាតិ ពណ៌បៃតងគ្រប់រដូវ ដោយផ្ទៃដីស្រែនីមួយៗ គឺមានទំហំដល់ទៅ១០០ហិចតាឯណោះ ដែលនៅក្នុងប្រទេសកម្ពុជា ពុំទាន់មានក្រុមហ៊ុនណា មានស្រែនីមួយៗ ធំល្វឹងល្វើយបែបនេះឡើយ។
លោក តាំង សុខឃី ជំនួយការផ្ទាល់លោកឧកញ៉ា ឌី ប៉ូ និងជាអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បានឲ្យដឹងថា សម្រាប់ការអនុវត្ត និងអភិវឌ្ឍន៍ លើផ្ទៃដីដែលមានវិសាលភាព ប្រមាណជាង១ម៉ឺនហិកតានេះ គឺជាគម្រោងទី២ របស់ក្រុមហ៊ុន ខណៈដែលគម្រោងលើកដំបូង បានធ្វើឡើងនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ប្រកបដោយភាពជោគជ័យជាច្រើនឆ្នាំ រួចមកហើយនោះ។ គម្រោងទី២នេះ យើងបានសិក្សាអំពីស្ថានភាពផ្ទៃដី ក៏ដូចជាផលប៉ះពាល់រួចរាល់អស់ហើយ ។ ចំពោះដី ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ របស់យើង ក្រុមហ៊ុនក៏បានទិញពីប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវស្របច្បាប់ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ឃុំ-ស្រុក និងរហូតដល់ថ្នាក់ខេត្តផងដែរ។
លោកបន្ថែមទៀតថា ជាមួយគ្នានេះ ក៏ដើម្បីឲ្យស្របទៅតាម គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលលើកស្ទួយវិស័យកសិកម្ម ជាគោលដៅអាទិភាព ជាពិសេស ជាការចូលរួមសម្រេច គម្រោងនៃការនាំស្រូវអង្ករកម្ពុជា ទៅកាន់ទៅទីផ្សារក្រៅស្រុក ឲ្យបាន១លានតោនក្នុង១ឆ្នាំនោះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានចាប់ផ្តើមចុះអនុវត្តគម្រោង ជាជំហានទី២របស់ខ្លួន ដោយបាននឹងកំពុងឲ្យគ្រឿងចក្រ ជាច្រើនគ្រឿង ជីកធ្វើជាប្រឡាយ ទំនប់ ដែលមានទំហំប្រមាណជាង១ម៉ឺនហិកតា ឲ្យក្លាយទៅតំបន់អភិវឌ្ឍន៍ដាំដុះ ដំណាំស្រូវធម្មជាតិសម្រាប់ នាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដើម្បីឲ្យបងប្អូនប្រជាកសិករ នៅក្បែរនោះ បានអាស្រ័យផលផងដែរ។
អ្វីដែលកាន់តែធ្វើឲ្យក្រុមហ៊ុន រំពឹងខ្ពស់ចំពោះការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិនោះ គឺបច្ចុប្បន្ននេះកំពុងតែមានក្រុមហ៊ុនចិនមួយ មានឈ្មោះថា ហ្គោ ហុង បានសំឡឹងមើលឃើញពីសក្តានុពល នៃការដាំដុះដំណាំស្រូវប្រកបដោយទិន្នផលខ្ពស់ និងមានគុណភាពល្អ របស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាគោលមួយ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសម្រេចគោលដៅរបស់ខ្លួនផងដែរ។
លោកបន្តឲ្យដឹងទៀតថា ជាភាពជាក់ស្ដែងពេលនេះ យើងកំពុងតែកែប្រែស្ថានភាពដី ក្នុងជំហានដំបូងទៅលើផ្ទៃដីត្រឹមជាង៤ពាន់ហិកតា ដោយត្រូវបែងចែកចេញជាដំណាក់កាលៗ ដូចជាការស្តារប្រឡាយមេ បង្កើតប្រព័ន្ធធារាសាស្រ្ត សម្រាប់អនុគ្រោះ ដល់ដំណាំស្រូវ ខណៈដែលក្រុមហ៊ុន នឹងបន្តពង្រីកការវិនិយោគ ដំណាំស្រូវនេះជាបន្តបន្ទាប់ទៀត តាមដំណាក់កាលនីមួយៗ។ ដោយឡែកសម្រាប់រូបមន្តនៃការអនុវត្ត ត្រូវបានធ្វើឡើងតាមបទពិសោធន៍ចាស់ នៃគម្រោងទី១ ហើយប្រជាកសិករ ដែលស្ថិតនៅជិតតំបន់អភិវឌ្ឍន៍នេះ នឹងទទួលបានប្រយោជន៍ យ៉ាងច្រើន ពីគម្រោងកសិកកម្ម ដូចជាទទួលបានទឹកសម្រាប់ធ្វើស្រែ ផ្លូវដឹកជញ្ជូន ការផ្តល់ពូជស្រូវ ការប្រមូលទិញស្រូវ ពីពលរដ្ឋ និងការផ្តល់បទពិសោធន៍ រួមជាមួយនឹងការជួយផ្នែកបច្ចេកទេស លើការបង្កបង្កើនផលមួយចំនួនទៀត។
លោក តាំង សុខឃី បានឲ្យដឹងថែមទៀតថា ក្នុងដំណើរការធ្វើស្រែ ដើម្បីទទួលបានទិន្នផលខ្ពស់ ក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ ព្រមទាំង ប្រើប្រាស់ឧបករណ៍កសិកម្មទំនើបៗ ដូចជាម៉ាស៊ីនបាញ់ថ្នាំ និងម៉ាស៊ីនច្រូតស្រូវ រួមនឹងគ្រឿងចក្រជាច្រើនទៀត។ ក្រៅពីគ្រឿងចក្រទាំងនេះ ក្រុមហ៊ុនក៏មានតម្លើងម៉ាស៊ីនសម្ងួតស្រូវ ដែលមានសម្ថភាពខ្ពស់ ដើម្បីជួយជុំរុញសមត្ថភាពនៃការផលិត ស្រូវក៏ដូចជាធ្វើឲ្យទិន្នផលដែលទទួលបាន មានស្តង់ដារអន្តរជាតិ អាចប្រកួតប្រជែងជាមួយប្រទេសដទៃបាន ជាពិសេសគឺពូជស្រូវក្រអូប។ សម្រាប់ជំហានបន្ទាប់ ក្រុមហ៊ុននឹងបង្កើនលទ្ធិភាព ផលិតឲ្យពេញបន្ទុក ដើម្បីចូលរួមចំណែកក្នុងយុទ្ធសាស្ត្រ ស្រូវអង្កររបស់រាជរដ្ឋាភិបាល និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេស គឺការចូលរួមលើកស្ទួយ ជីវភាពប្រជាពលរដ្ឋ នៅក្បែរតំបន់អភិវឌ្ឍនេះ ឲ្យកាន់តែប្រសើរឡើង។
ខាងក្រោមនេះ គឺជាវីដេអូ នៃកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយនឹងលោក តាំង សុខឃី នៅទីតាំងនៃផ្ទៃដីបង្កបង្កើនផល ដំណាំស្រូវរបស់ក្រុមហ៊ុន ដែលក្រុមការងារបានចុះទៅដល់ផ្ទាល់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ៖