(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្មើ២បន្ទប់ និងមានបង្គន់អនាម័យចំនួន៧បន្ទប់ ចំណាយទឹកប្រាក់ ៦៨,២០៨ដុល្លារ ដែលជាអំណោយរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា នៅអនុវិទ្យាល័យអណ្ដូងកន្ទួត ក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវកសាងឡើងក្នុងឆ្នាំ២០១៨។
តាមរបាយការណ៍ បានឲ្យដឹងថា អនុវិទ្យាល័យអណ្ដូងកន្ទួត ត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ ដោយខ្ចីបន្ទប់សិក្សាពីសាលាបឋមសិក្សាអណ្ដូងកន្ទួតសម្រាប់ធ្វើការបង្រៀន។ ដោយមានការកើនឡើងនូវចំនួនសិស្ស និងមានតម្រូវការច្រើន អគារសិក្សាថ្មីមួយខ្នង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ ដែលចំណាយថវិកាសរុប៦៨,២០៨ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់សាលា។
ក្នុងឱកាសនោះដែរ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសម្រេចសុបិន្តកុមារ ក៏ដូចជាម្ចាស់ជំនួយ ដែលបានបរិច្ចាគជាថវិការបស់ខ្លួន សម្រាប់ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ហើយក្នុងនោះដែរអង្គការសម្រេចសុបិនកុមារក៏បានជួយកៀរគរសប្បុរសជនជួយសាងសង់អគារសិក្សាសម្រាប់ខេត្តបាត់ដំបង ជួយផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្សជាច្រើននាក់ ក៏ដូចជាការងារសប្បុរសធម៌ជាច្រើនទៀត ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា កាន់តែមានការរីកចម្រើន ដែលជំនួយនេះពិតជាជំនួយដ៏ល្អស្របពេលដែលប្រទេសកម្ពុជាកំពុងខ្វះខាត ហើយការដែលជួយសាលារៀន នេះទៀតសោតគឺប្រៀបបានដូចជាជួយសម្រេចសុបិនដល់សិស្សានុសិស្សជាច្រើនឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អៗជាច្រើន។
លោកបានបន្តទៀតថា ក្រោយភ្នក់ភ្លើងសង្រ្គាមរួចយើងបានបាត់បង់អ្នកមានចំណេះដឹងអស់ជាច្រើននាក់ ធ្វើឱ្យមានអត្រាអ្នកមិនសូវចេះអក្សរជាច្រើន ដូចនេះអ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច អ្នកចេះតិចត្រូវបង្រៀនអ្នកមិនទាន់ចេះ ទម្រាំមកដល់ពេលនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងជាច្រើនក្នុងការកសាងប្រទេសឱ្យរស់ឡើងវិញ នឹងអាចដើរទាន់ប្រទេសមួយចំនួននៅក្នុងតំបន់ ហើយយើងអាចដើរមកដល់ចំណុចនេះគឺដោយសារសុខសន្ដិភាព ដូចនេះត្រូវចូលរួមថែរក្សាសុខសន្ដិភាពនេះឱ្យបានល្អ ដើម្បីការរីកចម្រើនតទៅមុខទៀត៕