(ភ្នំពេញ)៖ ក្នុងក្របខណ្ឌ នៃគម្រោងដៃគូរួមគ្នាដើម្បីផ្តល់ឱកាសអប់រំ ដល់កុមារបាត់បង់ឱកាស នៅកម្ពុវា (CCOSC) ដែលជាគម្រោងមួយអនុវត្តដោយបណ្តុំអង្គការសង្គមស៊ីវិលចំនួន២១ ក្រោមកិច្ចគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា និងតាមរយៈកិច្ចប្រជុំប្រចាំឆមាស រវាងក្រុមការងារគម្រោង ជាមួយក្រសួង លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានសម្តែងការសាទរ ចំពោះដំណើរការអនុវត្តន៍គម្រោង ដែលបានផ្តល់ឱកាសដល់កុមារ ៨,០០០នាក់បន្ថែមទៀត បានចូលរៀន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៦នេះ បន្ថែមពីលើចំនួនប្រមាណជា ៣២,០០០នាក់ ដែលបាននិងកំពុងបន្តការសិក្សារៀនសូត្រ តាំងពីគម្រោងបានចាប់ផ្តើមនៅឆ្នាំ២០១៤មក។
ក្នុងឱកាសនៃការទទួលជួបពិភាក្សាជាមួយតំណាងក្រុមការងារគម្រោងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងអប់រំ បានស្តាប់សេចក្តីរាយការណ៍សង្ខេបជាបន្តបន្ទាប់ ដោយក្រុមការងារតំណាងភ្នាក់ងារអនុវត្តគម្រោង ទៅតាមផ្នែកនិមួយៗ ដោយមានការសម្របសម្រួលពីលោក វន សំភាស់ ប្រធានអង្គការអែដ អេ អាក់ស្យុង។
ក្នុងចំណោមកុមារទាំង ៨,០០០នាក់ មានកុមារក្រីក្រប្រមាណ ៦,០០០នាក់ ដែលបានទទួលការគាំទ្រពីគម្រោង តាមរយៈអង្គការសង្រ្គោះកុមារ និងអង្គការភ្លែនអន្តរជាតិ។ នេះបើតាមសេចក្តីរាយការណ៍ត្រួសៗរបស់លោក កែវ សារ៉ាត់ និងលោក កេន ចាន់តូ តំណាងអង្គការទាំងពីរ។ ដោយឡែក តំណាងអង្គការឃែរ បានឲ្យដឹងថា កុមារជនជាតិភាគតិចជាង១០០០នាក់ បានទទួលការគាំទ្រតាមរយៈអង្គការរបស់លោក។ បើតាមលោក សំ សុវណ្ណារិទ្ធ តំណាងអង្គការដំណក់ទឹក បានឲ្យដឹងថា កុមារអនាថាចំនួនប្រមាណ៨០០នាក់ បានទទួលការគាំទ្រពីគម្រោង តាមរយៈអង្គការដំណក់ទឹក។ ជាមួយគ្នានេះដែរ កុមារពិការប្រមាណ៤០០នាក់បានទទួលការគាំទ្រតាមរយៈអង្គការ អែដ អេ អាក់ស្យុង។
តបទៅនឹងសេចក្តីរាយការណ៍ជូនអំពីលទ្ធផលដែលគម្រោងសម្រេចបាន ឯកឧត្តម ហង់ ជួនណារ៉ុន បានសម្តែងការសាទរ និងបានផ្តល់ជាយោបល់ និងការណែនាំមួយចំនួនផងដែរ។
«សូមអរគុណដែលបានជួយដល់កុមារជាង៤ម៉ឺននាក់រហូតមកដល់ពលេនេះ... ហើយក៏សូមសរសើរផងដែរ ដែលបានជួយដល់កុមារពិការជាង៤០០នាក់ឲ្យមានឱកាសបានរៀនសូត្រ» លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ទៅកាន់តំណាងក្រុមការងារ។
សូមបញ្ជាក់ថា គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលផ្តល់មូលនិធិដោយកម្មវិធីអប់រំកុមារនៃប្រទេសកាតារ (Educate A Child) តាមរយៈអង្គការអែដ អេ អាក់ស្យុង នៅកម្ពុជា មានគោលដៅផ្តល់ឱកាសដល់កុមារចំនួនសរុប ៥៧,០០០នាក់ ឲ្យបានចូលរៀន ហើយកុមារទាំងនោះត្រូវបានបែងចែកជា៥ប្រភេទគឺ៖ ១)កុមារក្រីក្រ, ២)កុមារពិការ, ៣)កុមារជនជាតិភាគតិច, ៤)កុមារអនាថា និង ៥)កុមារលើសអាយុ។ គម្រោង បានបែងចែកការអនុវត្តន៍ជាផ្នែកៗ ទៅតាមប្រភេទកុមារទាំងនោះ។
កិច្ចប្រជុំពិភាក្សាក៏បានផ្តោតផងដែរទៅលើលទ្ធភាពបន្ថែមទៀត ដែលក្រុមការងារនិងក្រសួងអាចជួយបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសជុំវិញការប្រឈមខ្លះៗ និងវិធានការដើម្បីធានានិរន្តរភាពសិក្សារបស់កុមារ ជាមួយនឹងស្ថានភាពជាក់ស្តែងតាមផ្នែកនិមួយៗ។ លោករដ្ឋមន្រ្តីបានលើកឡើងនូវទស្សនវិស័យ និងការណែនាំបន្ថែមមួយចំនួនដល់មន្រ្តីក្រសួងអប់រំឲ្យសហការជាមួយនឹងក្រុមការងារគម្រោង ដែលក្នុងនោះមានជាអាទិ៖ ការស្រាវជ្រាវបន្ថែមអំពីករណីដែលកុមារបោះបង់ចោលសាលា សេចក្តីត្រូវការជាក់លាក់ខាងផ្នែកអប់រំបញ្ចូលគ្នា ការអប់រំថ្នាក់ពិសេស ក៏ដូចជាការបណ្តុះបណ្តាលគ្រូឲ្យក្លាយជាអ្នកផ្តល់ប្រឹក្សានៅតាមសាលា ជាដើម។ បញ្ហាកុមារពិការ ក៏ត្រូវបានពិភាក្សាផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាក្រសួងគ្រោងបង្កើតវិទ្យាស្ថានមួយសម្រាប់កុមារដែលថ្លង់ និងពិការភ្នែក តែទោះជាយ៉ាងណាក៏ដោយ លោកចង់ឲ្យមានការយកចិត្តទុកដាក់ដល់កុមារពិការគ្រប់ផ្នែកតែម្តង។
«បច្ចុប្បន្ន យើងផ្តោតច្រើនតែទៅលើកុមារពិការពីរប្រភេទខាងលើ តែមិនបានផ្តោតទៅលើកុមារពិការសតិបញ្ញាផងទេ។ ខ្ញុំចង់ឲ្យអេ អ៊ី អេ សហការជាមួយសាលាគរុកោសល្យភូមិភាគកំពង់ចាម ដោយបញ្ចូលការអប់រំគ្រប់ទម្រង់នៃពិការភាពតែម្តង» លោករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់អង្គប្រជុំ។
អង្គប្រជុំក៏បានពិភាក្សាទិដ្ឋភាពផ្សេងៗទៀតនៃកុមារបាត់បង់ឱកាសអប់រំ ទាំង៥ប្រភេទខាងលើ និងបញ្ហាដែលពាក់ព័ន្ធ ជាពិសេសបញ្ហាជួយពង្រឹងសមត្ថភាពគ្រូ ដែលត្រូវបានលើកឡើងដោយលោក កែវ សារ៉ាត់ នៃអង្គការ សង្គ្រោះកុមារ ជុំវិញការប្រើបា្រស់សៀវភៅគោល និងសៀវភៅស្តង់ដារអំណាន។ នៅទីបញ្ចប់ លោករដ្ឋមន្រ្តី ហង់ ជូនណារ៉ុន បានណែនាំមន្រ្តីក្រសួង បន្តសហការជាមួយក្រុមការងារធ្វើការសិក្សាបន្ថែម ទាំងអំពីស្ថានភាពកុមារក្រីក្រ ការប្រើប្រាស់សៀវភៅបង្រៀនថាតើត្រូវយកមួយណា ឬបញ្ចូលគ្នាទៅជាសៀវភៅមួយ និងបញ្ហាបញ្ចូលគ្រូបង្រៀនជនជាតិភាគតិច ទៅក្នុងក្របខណ្ឌគ្រូ។ល។ រួចហើយ អាចនឹងរៀបចំជាគោលនយោបាយរួមរបស់ក្រសួងតែម្តង។
«នៅតំបន់ក្រីក្រ មានការលំបាកទាំងខាងកុមារ ទាំងខាងគ្រូ។ ដូច្នេះត្រូវសិក្សាពិចាណាមើល ថាតើត្រូវមានគោលនយោបាយដូចម្តេច។ ក៏ត្រូវពិនិត្យមើលការលើកទឹកចិត្តជនជាតិ ភាគតិចឲ្យធ្វើជាគ្រូបង្រៀនផងដែរ។ សម្រាប់គ្រូ ក៏មានការលំបាក កាលបើមានសៀវភៅគោលផង និងស្តង់ដារអំណានផង។ សរុបមក ខ្ញុំចង់ឃើញគោលនយោបាយផ្សេងៗ ដាក់បញ្ចូលទៅក្នុង SDP (គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព) តែម្តង» លោករដ្ឋមន្រ្តីថ្លែងមុនពេលបិទអង្គប្រជុំ។
កាលពីសបា្តហ៍កន្លងមក គណប្រតិភូក្រសួងអប់រំ ដឹកនាំដោយលោក ពុត សាមិត្ត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ និងមានការចូលរួមពីលោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា និងលោក ថោង ឬទ្ធី អនុប្រធាននាយកដ្ឋាន បានអញ្ជើញបំពេញទស្សនកិច្ចពីរថ្ងៃនៅខេត្តកំពត ស្រុកឈូក តាមការអញ្ជើញរបស់អង្គការ ដែលអនុវត្តគម្រោង ដើម្បីបង្ហាញជូននូវបទពិសោធន៍ល្អៗរបស់គម្រោង និងស្ថានភាពជាក់ស្តែងរបស់កុមារដែលបានទទួលការគាំទ្រពីគម្រោង ចំនួនសរុប៦២៥នាក់ បើតាមសេចក្តីរាយការណ៍របស់លោក អ៊ុង ប៉ូឡា នាយកប្រតិបត្តិ អង្គការ COCD។
កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួង បានទៅទស្សនាកុមារ ដែលកំពុងសិក្សានៅ សាលាប្រមូល នៅឃុំត្រមែង ស្រុកឈូក។ ក្នុងកិច្ចពិភាក្សា គណប្រតិភូ និងគណកម្មាការសាលា ព្រមទាំងតំណាងក្រុមប្រឹក្សាឃុំ បានពិភាក្សាផ្តោតជាពិសេសទៅលើបញ្ហាផ្តល់អារូបករណ៍សិក្សាដល់កុមារ ដោយធ្វើយ៉ាងណាធានាឲ្យបានថាអាហារូបករណ៍របស់ក្រសួង និងរបស់គម្រោង ជាការជួយបំពេញបន្ថែមឲ្យគ្នា។ នៅថ្ងៃបន្ទាប់ គណប្រតិភូបានអញ្ជើញទៅទស្សនា អង្គការជនពិការដ៏ធំមួយ នៅខេត្តកំពត ពោលគឺអង្គការ អេពិក អាតស៍ (Epic Arts) ដែលជាកន្លែងផ្តល់កិច្ចគាំពារ និងបណ្តុះបណ្តាលជនពិការ ជាពិសេសគឺកុមារ ហើយក៏ជាអង្គការដែលកំពុងអនុវត្តគម្រោងនេះផងដែរ។
ក្រុមការងារគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំ ដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំ ប្រចាំឆមាស ជាមួយឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ រួមមានតំណាងអង្គការអែដ អេ អាក់ស្យុង (AEA), អង្គការសង្រ្គោះកុមារ (Save Children), អង្គការភ្លែនអន្តរជាតិ (Plan International), អង្គការឃែរ (CARE), អង្គការដំណក់ទឹក អង្គការ PSE និងអង្គការ ណេប (NEP)។ កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលប្រមាណពីរម៉ោង និងបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសហការ៕