(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រួមជាមួយនឹងមន្ត្រីរាជការ ព្រមទាំងព្រះសង្ឃ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូ និងយកចិត្តទុកដាក់ចំពោះការលំបាករបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងជនរងគ្រោះនានា។ ជាក់ស្តែងនៅថ្ងៃនេះ អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារបន្ថែមទៀត ក្នុងសង្កាត់ស្ពានថ្ម។
លោកអភិបាលខណ្ឌ ក៏បានពាំនាំការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់លោកតាលោកយាយ ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ព្រមទាំងធ្វើលំហាត់ប្រាណ ដើម្បីបន្តរស់នៅបានយូរអង្វែង ដើម្បីបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើងក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន។
អំណោយដែលយកទៅប្រគល់ជូនគ្រួសារក្រីក្រទាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា ៣ម៉ឺនរៀល។
ជាមួយគ្នានេះ លោកអភិបាលក៏បានឧបត្ថម្ភបន្ថែមដល់លោកមេភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ដែលកំពុងមានជម្ងឺ ថវិកា៣៣ម៉ឺនរៀលផងដែរ។
បន្ទាប់មក លោកអភិបាលខណ្ឌ ក៏បានបន្តដំណើរនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនគ្រួសារ លោក ឯក ប៊ុនធឿន រស់នៅក្នុងភូមិទ័ពបោះ ដែលមានជីវភាពក្រីក្រ និងរស់នៅក្រោមតង់ ព្រមទាំងមានកូនតូចៗចំនួន៣នាក់ នូវអង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា៥០ម៉ឺនរៀល តាមការអំពាវនាវតាមរយៈវីឌីអូ កុមារី ឯក សុទ្ធិការី ត្រូវជាកូននៅក្នុងហ្វេសប៊ុក ឈ្មោះ Buntheoun Ek៕