(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោក ឈាង ចន្ធី ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី បានដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងការបន្តការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កា និងឈរនៅលេខរៀងទី១៨ ពិសេសពន្យល់ដល់ប្រជាពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវតាមច្បាប់តាមការកំណត់។

នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋានក្នុងស្រុកខាងលើនេះ លោកបានរំលឹក និងបង្ហាញជូនដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានាជាច្រើន ដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍន៍កន្លងមក ក្នុងនោះមានទាំងមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលារៀន ចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ឧត្តមសិក្សា, វត្តអា រាម,។ល។ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានឆ្លងទន្លេស្ទើរគ្រប់ទីកន្លែងដែលយើងពីដើមពុំធ្លាប់មាននោះឡើយ។

លោកបញ្ជាក់ទៀតថា ការអភិវឌ្ឍនេះរាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍លើគ្រប់វិស័យជាច្រើនទៀតនៅទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងរបស់យើង រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានគម្រោងនៃការស្ថាបនាស្ពានឆ្លង ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ដែលមានប្រវែងជាង៣ពាន់ម៉ែត្រ ដែលនឹងត្រូវស្ថាបនានៅឆ្នាំក្រោយនេះផងដែរ។ ដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឬដឹកកសិផលផ្សេងៗឆ្លងកាត់ពីពីខេត្តកំពង់ឆ្នាំង ទៅតាមបណ្ដាខេត្តផ្សេងៗ ដូចជាខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តព្រះវិហារ និងខេត្តកំពង់ចាម និងខេត្តជាតិច្រើនទៀតនៅភាគខាងកើត ដោយមិនមានការលំបាកទៀតនោះឡើយ។

លោកបានបន្ថែមទៀតថា ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋឮបានឃើញច្បាស់ផ្ទាល់នឹងភ្នែកស្រាប់ហើយ ទាំងការរស់នៅប្រកបដោយសុខសន្តិភាព ទាំងការរីកចម្រើនចំពោះសមិទ្ធផលនានា ទាំងអស់នេះក៏ដោយសារក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិតាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបង្កើតឲ្យមានសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពសម្បូរសប្បាយមកដល់ពេលបច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន នឹងបន្តការការពារសុខសន្តិភាព នឹងធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យរឹតតែមានភាពសម្បូរសប្បាយជាបន្តទៀត។

លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា៕