(កំពង់ឆ្នាំង)៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះបានប្រារព្ធពិធីបិទវគ្គជំនាញគរុ កោសល្យទូទៅដល់សិក្ខាកាមជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងបើកវគ្គឯកទេសយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត១ និងវគ្គហ្វឺនហ្វឺនគ្រូជំនាញបច្ចេកទេសបង្វឹកសុនខល្បាត។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកបណ្ឌិត សិត សេង នាយករង នៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំអង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ជាច្រើនរូបទៀតបានអញ្ជើញចូលរួមផងដែរ។

លោក ហេង រតនា បានលើកឡើងថា វគ្គជំនាញគរុកោសល្យទូទៅនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់គ្រូរបស់ស៊ីម៉ាក់ ក្នុងការពង្រឹងសមត្ថ ភាពពហុជំនាញសម្រាប់ក្រោយឆ្នាំ២០២៥ ហើយការធ្វើជាគ្រូបង្រៀន ក៏ត្រូវតែមានក្រមសីលធម៌ និងវិជ្ជាជីវៈផងដែរ។

លោកបន្ថែម​ថា វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីនរបស់អង្គភាពស៊ីម៉ាក់ (CMAC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្រ្គោះជីវិត និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

សិក្ខាកាមដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់ នៅពេលដែលចេញពីសាលាហ្វឹកហ្វឺន ទៅបម្រើការងារត្រូវយកចិត្តទុកដាក់ដោយយកចំណេះជំនាញទាំងអស់នេះ ទៅអនុវត្ត និងបម្រើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះអ្នកទាំងអស់នេះហើយដែលស្នងពីជនាន់មុន ដូច្នេះរាល់បទពិសោធន៍ និងចំណេះដឹងដែលទទួលបាន សង្ឃឹមថានៅថ្ងៃអនាគតពិតជាអាចធ្វើបានដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យមានការរីកចម្រើន និងមានសុខសន្តិភាព។

លោក ហេង រតនា ក៏បានបន្តឲ្យដឹងទៀតថា ចំណែកប្អូនៗ និងក្មួយៗ ដែលជាសិក្ខាកាមថ្មី ដែលទើបបើកវគ្គហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រនូវបទពិសោធន៍ដ៏ល្អៗពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅអនុវត្តក្នុងការរួម ចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទៅពេលអនាគត។

បញ្ចប់នៃកម្មវិធី លោកហេង រតនា និងលោកបណ្ឌិត សិត សេង ក៏បានប្រគល់នូវវិញ្ញាប័នបត្របញ្ចាក់ នៃការបញ្ចប់វគ្គហ្វឹកហ្វឺនគរុកោសល្យជូនដល់សិក្ខាកាមចំនួន៦២នាក់ ជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មានកម្ពុជា ដើម្បីទុកយកទៅប្រើប្រាស់ជាផ្លូវការផងដែរ៕