(កោះកុង)៖ សាខាពន្ធដារខេត្តកោះកុង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីការអនុវត្តន៍ ការប្រមូលពន្ធថាប់ត្រា ក្រោមអធិបតីភាពលោក ប៊ុន លើត អភិបាលខេត្តខេត្តកោះកុង និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ រួមទាំងមន្រ្តីក្រោមឱវាទ និងមានការចូលរួមពីមន្រ្តីគ្រប់ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសផ្សព្វផ្សាយស្តីពី ការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាខាងលើនេះ លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង បានលើកឡើងថា ការផ្សព្វផ្សាយសេចក្តីណែនាំអនុវត្តការប្រមូលពន្ធប្រថាប់ត្រានេះ គោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ នូវបទបញ្ញាត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូនជូនដល់អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគររូបនីកម្មសំណង់ និងសូរិយោដីខេត្ត មន្ទីរសាធារណការ ឲ្យបានយល់កាន់តែច្បាស់ ពីកិច្ចដំណើរការ និងយន់ការក្នុងការប្រមូលពន្ធដើម្បីជំរុញឲ្យមានការគាំទ្រ និងពង្រឹងកិច្ចសហការ ឲ្យកាន់តែជិតស្និតថែមទៀត សំដៅបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ និងការផ្តល់សេវាជូនប្រជាជនដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ និងកម្មសិទ្ធិករមធ្យោបាយដឹកជញ្ជូនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ ក្នុងពិធីផ្សព្វផ្សាយណែនាំស្តីពីការអនុវត្តន៍ ការប្រមូលពន្ធប្រថាប់ត្រានេះ លោក កែន សម្បត្តិ បានថ្លែងថា អគ្គនាយដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឋានៈជាសេនាធិការ របស់រាជរដ្ឋាភិបាល មានតួនាទី និងភារកិច្ចក្នុងការប្រមូលពន្ធអាករផ្ទៃក្នុង ទាំងថវិកាជាតិ ទាំងថវិកាថ្នាក់ក្រោមជាតិ និងចូលរួមក្នុងការកសាងគោលនយោបាយពន្ធ ក៏ដូចជាការរៀបចំសេចក្តីព្រៀងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនិងការប្រមូលពន្ធអាករ។ លោកបន្តទៀតថា ចំណូលពន្ធអាករទាំងនេះ ត្រូវបានប្រមូល និងបង់ចូលថវិការដ្ឋក្នុងគណនីទោលរបស់រតនាគារជាតិ ហើយត្រូវបែងចែក និងប្រើប្រាស់យ៉ាងត្រឹមត្រូវ។
ក្នុងបរិយាកាសខាងលើនេះ ទាមទាមឲ្យអគ្គនាយកពន្ធដារ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលពន្ធឲ្យបានគ្រប់ផែនការឆ្នាំ ប្រកបដោយប្រសិទ្ធភាព។ លោកបញ្ជាក់ថា «ក្នុងប្រការនេះ គឺតម្រូវឲ្យអគ្គនាយដ្ឋានពន្ធដារ ត្រូវអនុវត្តយ៉ាងម៉ឺនម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយកែទម្រង់ស៊ីជំរៅនិងត្រូវចាប់យកយុទ្ធសាស្រ្តកៀគរចំណូលពន្ធ ដើម្បីចូលថវិការដ្ឋឲ្យមានកំណើនពី១ឆ្នាំទៅ១ឆ្នាំ»។ នៅក្នុងសិក្ខសាលាខាងលើនេះ ក៏មានការផ្សព្វផ្សាយ ការបញ្ចាំងស្លាយនិងដាក់សំណួរដល់អ្នកចូលរួម ដែលមានចម្ងល់ក្នុងការបង់ពន្ធ អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ហើយលោក អោម ចន ប្រធាននាយកដ្ឋានច្បាប់ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារជាវាគ្មិន ធ្វើការបកស្រាយបំភ្លឺ នូវរាល់ចម្ងល់ក្នុងការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផងដែរ៕