(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការ ដឹកជញ្ជូននិងឡូជីស្ទីក។ សិក្ខាសាលានេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តី និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ រួមទាំងអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដែលជាប្រតិបត្តិករក្នុងវិស័យ ដឹកជញ្ជូនផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីប្រមូលធាតុចូលនិងទស្សនៈពីគ្រប់ តួអង្គពាក់ព័ន្ធ ដើម្បីសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្តនៅក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក៏ដូចជាដើម្បីសម្រួច កម្មវិធីចំណាយ សម្រាប់ជាមូលដ្ឋាននៃការរៀបចំ ថវិកាឆ្នាំ២០១៧ខាងមុខ។ ទន្ទឹមនឹងនេះ កិច្ចពិគ្រោះយោបល់នេះក៏ដើម្បីរួមគ្នាពិនិត្យ វឌ្ឍនភាព កំណត់បញ្ហាប្រឈម រួចធ្វើការវាយតម្លៃ និងកំណត់អាទិភាពគោលនយោបាយ និងអន្តរាគមន៍របស់រដ្ឋព្រមទាំងកិច្ចការ ដែលត្រូវធ្វើ ទាំងនៅក្នុងរយៈពេលខ្លី មធ្យម និងវែងទាំងនៅក្នុងក្របខ័ណ្ឌគោលនយោបាយ ទាំងនៅក្នុងក្របខ័ណ្ឌចំណាយថវិកាជាតិ ក្នុងគោលដៅទ្រទ្រងដល់ចិរភាពនៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ញូន ទាំងផ្នែករឹង ទាំងផ្នែកទន់គឺការវិនិយោគមួយដ៏សំខាន់ ទាំងសម្រាប់រាជរដ្ឋាភិបាលទាំងសម្រាប់ដៃគូ និងវិស័យឯកជន។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក៏បាន ចង្អុលអំពីភាពចាំបាច់ នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការ អភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទូទៅ។
ទន្ទឹមនឹងនេះនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ក៏បានដាក់ចេញនូវវិធានការគោល នយោបាយជាក់ស្តែង មួយចំនួនផងដែរ។ កន្លងមករាជរដ្ឋាភិបាលបាន បង្កើន ការវិនិយោគយ៉ាងគំហុកទៅលើការអភិវឌ្ឍវិស័យ ដឹកជញ្ជូន និងឡូជីស្ទីកនេះ។ ជាក់ស្តែង គិតទំហំថវិកា នៅក្របខ័ណ្ឌថវិកាជាតិ គឺក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានថវិកា ច្រើនជាងគេបំផុត ក្នុងខណៈដែលប្រាក់កម្ចីពីខាងក្រៅប្រមាណ ជាងពាក់កណ្តាលត្រូវបានប្រើ ប្រាស់ទៅលើវិស័យនេះ។ ពិតណាស់ថា ទោះពីកិច្ចខិតខំប្រឹងប្រែងនេះ បានជួយធ្វើឱ្យចំណាត់ថ្នាក់ខាងឡូជីស្ទីករបស់កម្ពុជា មានភាពប្រសើរឡើងជាងមុនជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធឡូជីស្ទីករបស់យើងនៅពុំទាន់មានភាពទាក់ទាញគ្រប់គ្រាន់ សម្រាប់វិនិយោគនៅឡើយ ពិសេសសម្រាប់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម។
ជាមួយគ្នានេះ តាមការសិក្សារបស់សេដ្ឋកិច្ចវិទូមួយចំនួន គឺប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីករបស់យើងមានបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ទាំងនៅក្នុងខាងផ្នែកតភ្ជាប់ជាទូទៅ ទាំងនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ បញ្ហានេះចាប់ផ្តើមបង្កជាឧបសគ្គឬនិយាយតាម បែបសាមញ្ញថា បានក្លាយជាឆ្អឹងទទឹងក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ក្នុងន័យនេះការរៀបចំផែនការមេតភ្ជាប់ ពហុប្រភេទមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងផ្នែករឹង ទាំងផ្នែកទន់ គឺមានភាពបន្ទាន់ និងចាំបាច់បំផុតដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ច, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះដែរ ក៏ត្រូវមានការគិតគូរផងដែរទៅដល់បញ្ហាស្ថាប័ន, បញ្ហាគិតយុត្តិ និងការសម្របសម្រួលទាំងនៅក្នុងក្របខ័ណ្ឌនៃការ រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត រួមទាំងការអនុវត្ត ការវាយតម្លៃ និងតាមដាន សំដៅធ្វើយ៉ាងឱ្យថ្លៃដឹកជញ្ជូនដែល បច្ចុប្បន្ននៅខ្ពស់ ធៀបនឹងប្រទេសជាតិខាង អាចមានថ្លៃថោកជាងមុន ហើយចំណាយវេលាតិចជាងមុន និងកាន់តែមានសុវត្ថិភាព និងស្ថេរភាពជាងមុន។ ក្រៅពីនេះ ក៏ត្រូវគិតគូរផងដែរ អំពីការតភ្ជាប់ពហុប្រភេទផ្ទៃក្នុងប្រទេស ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីសម្រួល ពាណិជ្ជកម្ម៕