(ភ្នំពេញ)៖ នារីកម្មការិនីរោងចក្រម្នាក់ បានជិះម៉ូតូឌុបពីរនាក់ប្តី ទាំងទឹកមុខក្រៀមក្រំ មកឈប់នៅប៉ុសិ៍តនគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ រកម៉ូតូរបស់ខ្លួនក្រោយពីមានបុរសម្នាក់ បានស៊ីដាច់ម៉ូតូយកទៅបាត់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅម្តុំរោងចក្រ៦ជាន់ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ធឿន ស្រីមុំ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមីជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាក Honda Dream C125 ស្លាកលេខភ្នំពេញ 1CE-6074។ ចំណែកជនសង្ស័យ ដែលស៊ីដាច់ម៉ូតូនោះ ត្រូវបានស្គាល់ថាឈ្មោះ ថៃ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរបន្ទប់គ្នា។
បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឲ្យដឹងថា រូបខ្លួនបានបាត់ប្អូនប្រុសម្នាក់២ថ្ងៃមកហើយ លុះមកដល់ថ្ងៃកើតហេតុ ខ្លួនក៏បានពឹងជនសង្ស័យខាងលើ ជូនទៅរកប្អូននៅម្តុំរោងចក្រ៦ជាន់ លុះដល់ខ្លួនចុះពីលើម៉ូតូ ស្រាប់តែពេលនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់តែម្តង។ ក្រោយពេលមានហេតុការណ៍ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកជនសង្ស័យខាងលើ មកផ្តោន្ទាទោសតាមច្បាប់៕