(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក (RAC) បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលនៃសមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី (ACRAA) បានអនុម័តពាក្យសុំចូលជាសមាជិករបស់ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក (RAC)។
គួរបញ្ជាក់ថា សមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីនាំយកភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានក្នុងស្រុកទៅជាកិច្ចសហប្រតិបត្តិការក្នុងតំបន់។
គោលបំណងរបស់សមាគមនេះ គឺដើម្បីលើកកម្ពស់ការទទួលយកការអនុវត្តល្អបំផុត និងស្តង់ដារួមនៅទូទាំងអាស៊ី ក៏ដូចជាការចូលរួមអភិវឌ្ឍទីផ្សារមូលធននៅអាស៊ី និងការវិនិយោគឆ្លងព្រំដែនទូទាំងតំបន់។
បច្ចុប្បន្ន សមាគមទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានអាស៊ី មានសមាជិកចំនួន២៨ មកពី១៣ប្រទេស។ តាមរយៈការចូលរួមជាមួយនឹងភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានក្នុងតំបន់របស់ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក នឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងជំនាញ។
បន្ថែមពីនេះ ការបញ្ជូនព័ត៌មានអំពីទីផ្សារពីអ្នកបោះផ្សាយមូលបត្របំណុល ទៅកាន់វិនិយោគិន តាមរយៈការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងរបស់
ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក នឹងរួមចំណែកដល់ការពង្រីកទីផ្សារមូលធនកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ៕