(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអង្គការទស្សនៈពិភពលោក (World Vision) បានបើកកម្មវិធីប្រគល់បំពង់ពន្លត់អគ្គិភ័យចំនួន៩១បំពង់ ជូនសហគមន៍ចំនួន២ នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ដើម្បីចូលរួមបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ពិធីប្រគល់បំពង់ពន្លត់អគ្គិភ័យនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងបរិវេណនៃសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីអភិបាលរងលោក ស៊ូ សោគន្ធ លោកអភិបាលរង ប្រាជ្ញ សីហា និងអភិបាលរងលោក លីន ញ៉ក់ រួមទាំងចៅសង្កាត់ ចៅសង្កាត់រង សមាជិកសមាជិកា មន្ត្រីនគរបាល អាវុធហត្ថ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ និងបងប្អូនប្រជាពលរដ្ឋ ដែលមកពីតាមបណ្ដាសហគមន៍ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវជិត៥០នាក់ផងដែរ។
លោក ជា ពិសី បានថ្លែងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ ពន្លត់អគ្គិភ័យនៅតាមលំនៅដ្ឋានសហគមន៍ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាន ចាំបាច់យើងត្រូវមានបំពង់ពន្លត់អគ្គិភ័យត្រៀមទុកដើម្បីទប់ស្កាត់រាល់សកម្មភាព មានអគ្គិភ័យកើតឡើងជាយថាហេតុ ជាពិសេសអាជ្ញាធរយើងបាន និងកំពុងខិតខំប្រឹងប្រែងពន្យល់ពង្រីកបន្ថែម លើវិសាលភាពចំពោះសំណង់ធំៗ ខារ៉ាអូខេ ផ្ទះសំណាក់ សណ្ឋាគារជាដើម ចាំបាច់ត្រូវមានបំពង់ពន្លត់អគ្គិភ័យ តែប្រសិនបើសំណង់ធំៗ ម្ចាស់សណ្ឋាគារទាំងនោះ មិនព្រមធ្វើទៅតាមអ្វីដែលអាជ្ញាធរយើងបានពន្យល់ និងណែនាំទេនោះ ប្រហែលជាអាចប្រឈម នឹងការបិតអាជីវកម្មតែម្ដង។
លោក ជា ពិសី បានបន្តថា «ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ» ពីព្រោះកន្លងមក ក្នុងទឹកដីខណ្ឌឫស្សីកែវ ជាពិសេសរៀងរាល់ចូលឆ្នាំ ឫបុណ្យទានផ្សេៗ តែងតែមានគ្រោះអគ្គិភ័យកើតឡើង និងបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិជាច្រើនព្រមទាំងរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សថែមទៀតផង ក៏ព្រោះតែយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ដោយត្រៀមបំពង់ពន្លត់អគ្គិភ័យ តាមសហគមន៍នីមួយៗ ទម្រាំមានកិច្ចអន្តរាគមន៍ពីរថយន្ដពន្លត់អគ្គិភ័យ មកដល់ដើម្បីជួយសង្គ្រោះ។
ជាមួយគ្នានោះ លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកអង្គការ ទស្សនៈពិភពលោក ដែលបានជួយចែករំលែកទុក្ខលំបាករបស់ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដោយបានផ្ដល់នូវបំពង់ពន្លត់អគ្គិភ័យចំនួន៩១បំពង់ ជូនដល់សហគមន៍រួមមិត្ត នៅសង្កាត់ឫស្សីកែវ និងសហគមន៍ស្ត្រីរុងរឿង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីរក្សាទុកបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុនៅពេលណាមួយ។
ដោយឡែក លោក ឌីណា វិបុល ជាបុគ្គលិកអង្គការមួយនេះ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលអង្គការយើង បានផ្ដល់នូវបំពង់ពន្លត់អគ្គិភ័យពីព្រោះ កន្លងមកបានអនុវត្តន៍នៅសង្កាត់ស្វាយប៉ាក ដោយមានទុនបដិភាគចូលរួមពីបងប្អូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍នីមួយៗផងដែរ។
លោកបន្តថា ទាំងលើកនេះគឺជាលើកទី២ និងទី៣ហើយដែល អង្គការយើងបានចូលរួមកាត់បន្ថយនូវគ្រោះអគ្គិភ័យ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមអង្ការទស្សនៈពិភពលោកកម្ពុជា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាសហគមន៍នានា ដោយផ្ដល់ជាទន់បដិភាគចូលរួមក្នុង១គ្រួសារ២ម៉ឺនរៀល ដោយធ្វើការវិភាគបំពង់ពន្លត់អគ្គិភ័យ១មានតម្លៃដល់ទៅ១៥$ ឯណោះ៕