(ភ្នំពេញ)៖ លោ វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះត្រួតពិនិត្យការផលិតបង្គោលព្រំដែនកម្ពុជា-ឡាវ ដោយកងវិស្វកកម្ម ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បង្គោលព្រំដែនកម្ពុជា-ឡាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចជូនកងវិស្វកម្មក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ខ្វាន់ សៀម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងវិស្វកម្ម ដើម្បីផលិត និងសាងសង់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលសម្រេចបាន ៨៦%។

លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា អំឡុងពេលចុះត្រួតពិនិត្យការផលិតបង្គោលព្រំដែននេះ លោកទេសរដ្ឋមន្រ្តី ​បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កងវិស្វកម្មកម្ពុជា ក្នុងការផលិតបង្គោលព្រំដែន ប្រកបដោយគុណភាពខ្ពស់ និងសមសួនជាបង្គោលព្រំដែនអន្តរជាតិកម្ពុជាឡាវ ស្របតាមបច្ចេកទេស ត្រឹមត្រូវតាមគម្រោងផ្លង់របស់ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា។

លោកស្រីបណ្ឌិត បានបន្ថែមថា គំរូបង្គោលព្រំដែននេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលទាំងពីរកម្ពុជា-ឡាវ នាពេលកន្លងទៅ។ ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការចុះហត្ថលេខារវាង លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និង ឯឧ. នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ទទួលយកគុណភាពបង្គោល និងរូបរាងបង្គោលព្រំដែន ដែលកងវិស្វកម្មផលិតនេះ ដើម្បីអនុញ្ញាតិឲ្យយកបង្គោលទាំងនេះ ទៅបោះនៅតាមគោលដៅ ដែលគណៈកម្មការចម្រុះព្រំដែនទាំងពីរ កម្ពុជា-ឡាវ បានឯកភាពគ្នានៅតំបន់ព្រំដែន៨៦% ដែលសម្រេចបាន។

លោកស្រីបណ្ឌិតបានបន្តទៀតថា ការបោះបង្គោលលើព្រំដែន ដែលឯកភាពគ្នារវាងកម្ពុជា-ឡាវ នឹងត្រូវធ្វើរយៈពេល២ឆ្នាំ ដែលមានបង្គោលព្រំដែនសរុបចំនួន ៥១១បង្គោល ក្នុងនោះបង្គោលធំចំនួន១២១ទីតាំង ស្មើនឹង១២៤បង្គោល និងបង្គោលបំពេញបន្ថែមមានចំនួន៣៨៧បង្គោល ដែលស្ថិតនៅព្រំដែនក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងរតនគិរី។

សន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ភាគីទាំងពីរ ប្តេជ្ញាដោះស្រាយបញ្ហាដែលនៅសល់១៤ភាគរយទៀត ឱ្យបានកាន់តែឆាប់ផងដែរ៕