(ភ្នំពេញ)៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ នេះបាត់តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាព ឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីប្រាំមួយនេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ។ ដោយឡែក មណ្ឌលបោះឆ្នោត ចំនួន ៤ មានសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺមណ្ឌលខេត្តក្រចេះ មានការហែក្បួនឃោសនា របស់គណបក្សកសិករ មណ្ឌលខេត្តស្វាយរៀង មានការហែក្បួនឃោសនារបស់គណបក្សសញ្ជាតិកម្ពុជា មណ្ឌលខេត្តកំពត និងមណ្ឌលខេត្តស្ទឹងត្រែង មានការហែក្បួនឃោសនារបស់គណបក្សខ្មែររួបរួមជាតិ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គជប៖