(កំពង់ចាម)៖ លោក អ៊ុក ប្រជា សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សចុះជួបសំណេះសំណាល ផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតអោយត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំបឹងណាយ ឃុំថ្មពូន និងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក អ៊ុក ប្រជា បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឲ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។

ជាមួយនឹងភាពច្បាស់លាស់ លោក អ៊ុក ប្រជា និងក្រុមការងារ បានរួមគ្នាពន្យល់បង្រៀន ប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ អោយក្លាយជាសន្លឹកឆ្នោតបានការ ចៀសវាងការគូសលេខ ឬការគូសច្រើនដង។

ទន្ទឹមនឹងនេះ បេក្ខជនតំណាងរាស្រ្តរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកា ទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ត្រូវចូលរួមបោះឆ្នោតដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារអោយបានរួចរាល់ទុកជាមុន ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕