(ជប៉ុន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាថ្នាក់រដ្ឋមន្ត្រីការទូតកិច្ចការយុត្តិធម៌ (JAD) ដែលផ្តួចផ្តើមដោយប្រទេសជប៉ុន ស្របពេលជាមួយខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

JAD នេះ រួមមានព្រឹត្តិការណ៍សំខាន់ៗដូចជា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន ជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ានជាមួយប្រទេស G7 និងកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌ប្រទេស G7។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន បន្ទាប់មកបន្តចូលរួមក្នុងសម័យប្រជុំពេញអង្គ។ កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់អាស៊ាន និងជប៉ុន ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងនីតិរដ្ឋ និងវិស័យយុត្តិធម៌ តាមរយៈការអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការការងារស្តីពីច្បាប់ និងយុត្តិធម៌របស់អាស៊ាន-ជប៉ុន។

ដោយឡែកនៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន រួមជាមួយសហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដោយជោគជ័យអស់រយៈពេលពេញមួយថ្ងៃ ដែលរួមមាន លោកស្រី ដាតុ  Sri Azalina Othman Said រដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកកំណែទម្រង់ច្បាប់ និងស្ថាប័ន និង ឯកឧត្តម Saito Ken រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន។

នៅល្ងាចថ្ងៃនេះ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងសម្រាប់គណៈប្រតិភូនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ានជាមួយប្រទេស G7៕