(បន្ទាយមានជ័យ)៖ អាងត្រពាំងថ្មឆ្នាំ២០២៣នេះ មានទឹកគ្រប់គ្រាន់សម្រាប់មច្ឆាជាតិ តែត្រូវបិតឡូត៍នេសាទរយៈពេល៣ខែ នៅតំបន់អភិរក្សត្រី ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ មិនឲ្យកើតមានដែលនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនោះឡើយ។ នេះជាការបញ្ជាក់របស់អាជ្ញាធរស្រុក។
អាជ្ញារធរស្រុកភ្នំស្រុក បានប្រាប់ថា នៅអាងត្រពាំងថ្មស្រុកភ្នំស្រុកនៅឆ្នាំ២០២៣នេះ ទឹកគ្រប់គ្រាន់សម្រាប់ការរស់នៅរបស់មច្ឆាជាតិ ដែលនៅទឹកកម្រិត ៩ទៅ ១០តឹក ហើយបើកឲ្យប្រជាកសិករយកទឹកបង្កបង្កើនផល រហូតពេលនេះ ប្រជាកសិករប្រមូលផលបានខ្លះហើយ។
អាជ្ញាធរបានបញ្ជាក់ថា ក្រោមការណែនាំរបស់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី, អាជ្ញាធរមានសមត្តកិច្ច បានទប់ស្កាត់បទល្មើសនេសាទជាប្រចាំ ហើយបានរឹបអូសបទល្មើសនេសាទជាច្រើនមាន ម៉ូទ័រឆក់ត្រី ទ្រូមុខ១០០ អ៊ុយ និងបទល្មើសនេសាទខុសច្បាប់ជាច្រើនទៀត។ កម្លាំងចម្រុះនៅតែបន្តអនុវត្ត និងទប់ស្កាត់ជាបន្តទៀត តែក្រៅតំបន់ការពារអភិរក្សត្រី ប្រជានេសាទត្រូវបានអនុញ្ញាតនេសាទជាលក្ខណៈគ្រួសារបាន។
បើតាមអាជ្ញាធរ អាងត្រពាំងថ្មស្រុកភ្នំស្រុកមានទំហំ១០គីឡូម៉ែត្រ បួនជ្រុង នៅរដូវវស្សាមានផ្ទៃទឹក១៨០លានម៉ែត្រគូប តែនៅរដូវនេះទឹកមានកម្ពស់កម្រិតប្រមាណ ៩ទៅ១០ម៉ែត្រ ដែលមិនប៉ះពាល់ដល់ការរស់នៅរបស់មច្ឆាជាតិនោះទេ ហើយទាំងបើកឲ្យប្រជាកសិករបូមទឹកបង្កបង្កើនផលទៀត៕