(ភ្នំពេញ)៖ សិស្សានុសិស្សតំណាងឲ្យកម្ពុជា ៥នាក់ដណ្តើមបានមេដាយប្រាក់ និងសំរិទ្ធ ពីការប្រកួតកម្មវិធី Global Natural History Day នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលទើបនិងបញ្ចប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្តិច។
ក្រសួងអប់រំ បានបញ្ជាក់លើទំព័រ Facebook របស់ខ្លួនថា កម្មវិធី Global Natural History Day ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គំនិតច្នៃប្រឌិត ការធ្វើការងារជាក្រុម និងជំនាញស្រាវជ្រាវ របស់កុមារ ដោយមានការអញ្ជើញចូលរួមពីសិស្សានុសិស្ស ២២០ក្រុម មកពីបណ្តាប្រទេសផ្សេងៗគ្នា ដោយបង្ហាញនូវភាពអស្ចារ្យ នៃការធ្វើបទបង្ហាញជាភាសាអង់គ្លេស ជំនាញស្រាវជ្រាវ ការយល់ដឹងពីវប្បធម៌ផ្សេងៗគ្នា ព្រមទាំងចំណេះដឹងវិទ្យាសាស្ត្រធម្មជាតិជាដើម តាមរយៈភាពច្នៃប្រឌិតក្នុងការតាំងពិព័រណ៍អំពីប្រធានបទ ដែលជ្រើសរើស។
សិស្សកម្ពុជាទាំង៥នាក់ ដែលទទួលបានមេដាយនេះ មាន ៤នាក់ទទួលបានមេដាយប្រាក់ និងម្នាក់ ទទួលបានមេដាយសំរិទ្ធ៕