(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានបណ្តឹងចំនួន២ ពីគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងក្រោយពិធីបង្ហាញទឹកខ្មៅសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក្តី លោក ហង្ស ពុទ្ធា បានវាយតម្លៃថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប៉ុន្មានថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពរលូន មិនមានហិង្សាអ្វីធ្ងន់ធ្ងរនោះទេ។
លោកបញ្ជាក់ថា «ពាក់ព័ន្ធនឹងបណ្តឹង មកទល់ថ្ងៃនេះ យើងមាន ២បណ្តឹង ជាបណ្តឹងរបស់ខាងបក្សប្រជាជន ប្តឹងទៅមនុស្សម្នាក់ឈ្មោះ កង សារ៉ាត់ គាត់បាននិយាយហើយបង្ហោះលើហ្វេសប៊ុក ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំបក្សប្រជាជន។ បណ្តឹងមួយទៀត កើតឡើងនៅក្រុងភ្នំពេញ មានករណីជនអនាមិក យកឡូហ្គូបក្សប្រជាធិបតេយ្យមូលដ្ឋាន បិទលើរូបថ្នាក់ដឹកនាំបក្សប្រជាជន»។
អ្នកនាំពាក្យ គ.ជ.ប បន្ថែមថា ចំពោះករណីដែលថា មានហេតុការណ៍មនុស្សបន្លំជាមន្ត្រីបក្សប្រជាជនកម្ពុជា ណែនាំឲ្យគូសសន្លឹកឆ្នោតខុស គឺ គ.ជ.ប កំពុងតែស៉ើបអង្កេត។
គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕