(ភ្នំពេញ)៖ លោកស្រី លី សុខវួច ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសឈ្មោះ ឡាយ សំណាង អាយុ៥៣ឆ្នាំ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០០លានរៀលបង់ចូលថវិការដ្ឋ។ ក្នុងនោះរឹបអូសទ្រព្យសម្បត្តិ មួយចំនួនពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។
យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានអង្គភាព Fresh News ថា សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះលើកយកមកប្រកាសនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្តីសន្និដ្ឋានដោយសម្រេច តម្កល់បទចោទលើលោក ឡាយ សំណាង ពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។
ការសម្រចតម្កល់បទចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីអង្គសវនាការបានសួរដេញដោលលើជនត្រូវចោទបានបញ្ចប់។
អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។
ក្រៅពីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ ជននេះក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ ទើបអង្គភាពប្រឆាំងអំពើរពុករលួយ ហៅកាត់ ACU ចាប់ខ្លួនបញ្ជូនមកតុលាការចាត់រតាមច្បាប់៕