(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភ លើកទី៣ ជូនគ្រួសារងាយរងហានិភ័យដែលបានកំណត់អត្តសញ្ញាណរួច ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ចាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោកបណ្ឌិតបន្តថា កម្មវិធីជំនួយសង្គមមួយគ្រាសម្រាប់គ្រោះអាសន្ននេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្ត និងធ្វើការបើកផ្ដល់ចំនួន ៣លើក៖ លើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, និង លើកទី៣ ចាប់ពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបានគ្របដណ្ដប់លើគ្រួសារគោលដៅចំនួនប្រមាណជាង ៥០ម៉ឺនគ្រួសារ ឬមានសមាជិកចំនួន ១ ៨៣៣ ៣៤៤នាក់ ដោយចំណាយថវិកាសរុបចំនួនជាង ៤០លានដុល្លារ។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃ, ប្រាកដនិយម, និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គុទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់ជីវភាព របស់ពលរដ្ឋកម្ពុជា ស្របតាមគោលការណ៍ «មិនបោះបង់ពលរដ្ឋនណាម្នាក់»។

លោកបណ្ឌិតសូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ ទៅបើកប្រាក់ឧបត្ថម្ភលើកទី៣នេះ ពីរាជរដ្ឋាភិបាល តាមកាលបរិច្ឆេទដូចបានកំណត់៕