(សៀមរាប)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំមួយស្តីពីការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយមានការចូលរួមពីលោក យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកប្រធាន អនុប្រធាននាយកដ្ឋាន តំណាងស្ថាប័នអង្គការដៃគូ តំណាងអង្គភាពនគរបាលបេតិកភណ្ឌ តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្នុងតំបន់ ព្រមទាំងមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។

លោក យិត ចាន់ដារដ្ឋ បានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ គឺជាបាតុភូតទូទៅសម្រាប់សាកលលោកទាំងមូល មិនមែនកើតឡើងតែនៅប្រទេសកម្ពុជាមួយនោះឡើយ។ ដូច្នេះបើសិនជាយើងបានគ្រប់គ្រងបានល្អប្រសើរ ផលប៉ះពាល់គឺមានតិច ជាពិសេសសម្រាប់តំបន់បេតិកភណ្ឌ។

លោកបន្តទៀតថា អាជ្ញាធរជាតិអប្សរាមិនមែនទើបតែគិតអំពីបញ្ហាការបម្រែបម្រួលអាកាសនោះទេ ជាច្រើនឆ្នាំមកហើយដែលអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់ទៅលើវិធានការណ៍មួយច្បាស់លាស់ក្នុងការទប់ទល់ និងបម្រែបម្រួលអាកាសធាតុនេះ អាចជះប៉ះពាល់ជាវិជ្ជមាន ទៅលើរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភព មានដូចជាសកម្មភាពថែរក្សាទេសភាពវប្បធម៌ មានទាំងប្រាសាទ ទឹក និងព្រៃឈើ រួមបញ្ជូលគ្នា។

សកម្មភាពដាំដើមឈើឡើងវិញ នៅតំបន់រមណីយដ្ឋានអង្គរបានធ្វើឡើងជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ២លានដើម បន្ថែមពីនេះការចែកជូនកូនឈ ជូនសាធារណជនទូទៅយកទៅដាំដុះបន្ត។ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រពីបុរាណ ជាការងារមួយដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដោយបានស្តារប្រឡាយបុរាណ ត្រពាំងបុរាណ ការស្តារនិងបញ្ជូលទឹកក្នុងកសិន្ធុធំៗនៅក្នុងតំបន់អង្គរ។ ការបន្តសកម្មភាពជួសជុល និងបញ្ជូលទឹកនៅតាមបារាយណ៍បុរាណជាច្រើនទៀត នៅជុំវិញរមណីយដ្ឋានអង្គរ និងបន្តសហការជាមួយស្ថាប័នដៃគូនានា តាមដានអំពីគុណភាពខ្យល់នៅតំបន់រមណីយដ្ឋានអង្គរជាដើម៕