(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន៤

ក្នុងខេត្តក្នុងនោះរួមមាន៖ ស្នងការនគរបាលខេត្តបាត់ដំបងទទួលបានឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ រថយន្តគិលានសង្រ្គោះ, កងរាជអាវុធហត្ថខេត្តបាត់ដំបងទទួលបានផ្ដល់ជូនរថយន្តគិលានសង្រ្គោះ, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងទទួលបានរថយន្តគិលានសង្គ្រោះបឋម១គ្រឿង និងមណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ទទួលបានរថយន្តគិលានសង្គ្រោះបឋម១គ្រឿង។

បន្ទាប់ពីបានប្រគល់ឧបករណ៍ប្រើប្រាស់ដល់អង្គភាពទាំង៤រួចមក លោក សុខ លូ បានផ្តាំផ្ញើថ្នាក់ដឹកនាំជាតំណាងដែលបានមកទទួលពេលនេះ គឺយកទៅប្រើប្រាស់ ដើម្បីពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋម និងជួយសម្រាលដល់ប្រជាពលរដ្ឋយើង ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងបន្ថែមទៀត ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតថែមទៀត និងកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ៕