(ភ្នំពេញ)៖ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលចំណាយថវិកាសាងសង់សរុបប្រមាណ៤៣លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
អគារស្នាក់ការកណ្តាលនេះស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជាន់ សង់លើផ្ទៃដីសរុប៣០,៣១៣ម៉ែត្រក្រឡា។
យោងតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងថា អគារថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធគ្រប់គ្រងអគារ ប្រព័ន្ធត្រជាក់ ប្រព័ន្ធគ្រប់គ្រងទឹក អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ពន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង១,០៤០ម៉ែត្រ អស់ទឹកប្រាក់សរុបចំនួនប្រមាណជាង៤៣លានដុល្លាអាមេរិក ដែលជាថវិកាបានពីការសន្សំរបស់អង្គភាពផ្ទាល់។
លោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានរំឭកពីប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាថា ក្រោយពីមានច្បាប់ស្ដីពីការងារនៅឆ្នាំ២០០២ បេឡាជាតិរបបសន្តិសុខសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងបានចាប់ផ្តើមដំណើរការរបបសន្តិសុខសង្គម នៅខែវិច្ឆិកា ឆ្នាំ២០០៨ សម្រាប់ផ្នែកហានិភ័យការងារ និងនៅឆ្នាំ២០១៦ សម្រាប់ផ្នែកថែទាំសុខភាព។
ក្នុងពិធីសម្ពោធអគារស្នាក់ការកណ្ដាលនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចែករំលែកនូវទស្សនាទាន និងការចង្អុលបង្ហាញ ចំពោះកិច្ចការគន្លឹះដែលត្រូវរៀបចំបន្ត ដូចខាងក្រោម៖
ទី១-ពង្រឹងគុណភាពនៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលដែលជាដៃគូ របស់ ប.ស.ស.។
ទី២-បង្កើតយន្តការគាំពារសង្គមចំពោះការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យចូលទៅក្នុងប្រព័ន្ធ។
ទី៣-ពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាពទៅកាន់គ្រួសាររបស់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន។
ទី៤-ពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។
ទី៥-បន្តអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន៕