(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំស្ដីពី​ការឆ្លងសេចក្ដីព្រាងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប់សង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់​ និងរាំងស្ងួត ឆ្នាំ២០២៣​។

លោក គង់​ គឹមនី​ បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ​ គឺដើម្បីកំណត់ត្រៀមទុកជាស្រេចនូវយន្តការ និងសេចក្តីព្រាងធនធានរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដោយគិតទាំងកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។

សម្រាប់ជំនួយដល់ដំណើរការក្នុងការគ្រប់គ្រង់ប្រតិបត្តិការអន្តរាគមន៍ ឆ្លើយតបគ្រោះមហន្តរាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយក៏ជាផែនទីបង្ហាញផ្លូវក្នុងការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតផែនការឆ្លើយតបសង្គ្រោះបន្ទាន់។

លោកបញ្ជាក់ទៀតថា ដើម្បីធានាការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ និងដឹងពីតួនាទី ភារកិច្ច ទទួលខុសត្រូវ តាមមុខសញ្ញារៀងៗខ្លួន ជៀសវាងការអន្តរាគមន៍ជាន់គ្នាក្នុងតំបន់តែមួយ ជាពិសេសសំដៅដល់ការជួយសង្គ្រោះ និងសម្រាលទុកលំបាកប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា ស្រ្តី កុមារ ជនចាស់ជរា ជនពិការ និងអ្នកទីទ័លក្រ ត្រូវតែទទួលបានសេវាសុខភាព ទឹកស្អាត អនាម័យ ជម្រកស្នាក់នៅបណ្តោះអាសន្ន ការអប់រំ ការការពារ និងស្បៀអាហារ៕