(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មណ្ឌលកណ្តាល បានលើកឡើងថា គុណបំណាច់ និងវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ដូច្នេះសូមទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ពិសេសគណបក្សប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី១៨ ដើម្បីសុខសន្តិភាព ការរីចម្រើនទៅមុខជាលំដាប់។
លោកបណ្ឌិតបានថ្លែងបែបនេះ នៅគ្រាដែលលោកបណ្ឌិត បានចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ចំនួន១,០១៥នាក់ (ស្រី៧៣៧នាក់) និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមន្រ្តីគណបក្សយុវជន យុវនារី ភ្នាក់ងារគណបក្ស សាខាបក្សភូមិ និងមន្រ្តីនៅតាមមណ្ឌលសកម្មភាពបក្ស នៅឃុំគគីរធំ សំរោងធំ បន្ទាយដែក និងឃុំដីឥដ្ឋ ក្នុងស្រុកកៀនស្វាយ ចំនួន៣៥១នាក់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
ជំនួបនេះ ដើម្បីក្តាប់សភាពការណ៍ឃោសនាបោះឆ្នោត ផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងមាតុភូមិកម្ពុជាឆ្នាំ២០២៣ ២០២៨ និងពន្យល់ណែនាំអំពីឯកសារពាក់ព័ន្ធសំខាន់ៗ សម្រាប់បម្រើឲ្យការ បោះឆ្នោត ដូចជាក្នុងករណីមានសមាជិកបក្សខូចឬបាត់បង់ អត្តសញ្ញាណប័ណ្ណ មន្រ្តីគណបក្សនៅមូលដ្ឋាន ត្រូវនាំសមាជិកបក្សទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ពីគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត និងសមត្ថកិច្ចនៅតាមឃុំ/សង្កាត់។
លោកបណ្ឌិតបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងដោយស្មោះត្រង់។
លោកបណ្ឌិត បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាព រីកចម្រើននៅទូទាំងប្រទេសដោយបាននាំមកនូវការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម -ល- ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។
លោកបណ្ឌិតបានអះអាងថា សមិទ្ធផលទាំងនេះសុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួម ក្នុងការការពារសន្តិភាព ឲ្យរឹងមាំស្ថិតស្ថេរគង់វង្ស ជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕