(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រចាំឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរងនាយសេនាធិការតំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគ ទី៤។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍ អំពីស្ថានភាពរួមនៃការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីនិងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៣ តាមកម្មវិធីនិងផែនការហ្វឹកហ្វឺនដែលថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះ មានរយៈពេល៩១ថ្ងៃ ដោយមានសិក្ខាកាម ត្រូវចូលរួមហ្វឹកហាត់ចំនួន១០០ នាក់ និងគ្រូយោធាចារ្យព្រមទាំង អ្នកបម្រើការចំនួន១៥នាក់ និងវគ្គហ្វឹកហ្វឺនបំប៉នម្ចាស់ការ មានសិក្ខាកាមត្រូវចូលរួមហ្វឹកហាត់ចំនួន៥០នាក់ គ្រូយោធាចារ្យ៥នាក់ សរុបចំនួនយោធិនត្រូវហ្វឹកហ្វឺនរៀនសូត្រក្នុងកម្មវីធីបើកវគ្គហ្វឹកហ្វឺននៅពេលនេះ មានចំនួន១៥០នាក់ គ្រូយោធាចារ្យនិងអ្នកបម្រើការចំនួន ២០នាក់។

ឧត្ដមសេនីយ៍ទោ សុក រីនណា បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការមេបញ្ជាការរង នាយទាហាន នាយ ទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈនាពេលកន្លងមក និងបានផ្តាំផ្ញើដល់យោធាចារ្យនិង សិក្ខាកាមដែលបានចូលរួមហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះ ត្រូវយកចិត្តទុកដាក់បង្រៀនរៀន សូត្រតាមកម្មវិធីនិងខ្លឹមសារមេរៀន ដែលបានគ្រោងទុកនិងត្រូវគោរពវិន័យសាលាក្នុងពេលរៀនសូត្រ ព្រមទាំងមានការសាមគ្គីភាពល្អរវាងគ្នានឹងគ្នារវាងសិក្ខាកាមនិងយោធាចារ្យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកអនុសេនីយ៍ឯក ប៉ាង សុភា តំណាងឲ្យសិក្ខាកាមទាំងអស់បានប្តេជ្ញាចិត្តគោរពអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៤ ដែលបានប្រគល់និងប្តេជ្ញាចិត្តគោរព អនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងតាមមេរៀន ដែលគ្រូយោធាចារ្យបានបង្ហាត់បង្រៀនដើម្បីបម្រើជាតិប្រជាជននិងអង្គភាព ឲ្យទទួលបានលទ្ធផលល្អ នៅពេលបញ្ចប់វគ្គនិងត្រៀមខ្លួនជានិច្ចអនុវត្តន៍តាមបទបញ្ជាជាកងកម្លាំងអន្តរាគមន៍ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ៕