(សៀមរាប)៖ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ ក្នុងឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត ដែលរដ្ឋបាលខេត្តបានអនុវត្តកិច្ចការលើកិច្ចការរដ្ឋបាល ទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការដោះស្រាយបញ្ហាផ្សេងៗ ប្រចាំឆមាសទី១ ឆ្នាំ២០២៣។

ពិធីនេះធ្បើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធរអប្សារា គ្រឹះស្ថានអង្គរ និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។

លោក អ៊ាន ឃុន បានលើកនូវកិច្ចការសំខាន់ ដែលរដ្ឋបាលខេត្ត ក៏ដូចរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ដែលត្រូវបន្តការអនុវត្តក្នុង ខែកក្កដា ឆ្នាំ២០២៣ និងបានសង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ផុតការបរិច្ឆេតហើយនោះ អាជ្ញាធរ ក្រុង ស្រុក ឃុំសង្កាត់ ត្រូវជម្រុញដល់ប្រជាពលរដ្ឋ ទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឲ្យការបោះឆ្នោត (ឯ.អ )។

លោកក៏បានបញ្ជាក់ អំពីលទ្ធផលរបស់ (គ.ជ.ប) ខេត្តសៀមរាប បានចេញឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) នៅតាម ឃុំ សង្កាត់ បានចំនួន ជិត៤ពាន់នាក់ផងដែរ។ ក្រោយពេលច្បាប់បោះឆ្នោតបានធ្វើវិសោធនកម្ម និងដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេស ដូច្នេះមន្ត្រីរាជការ រួមទាំងក្រុង ស្រុក ឃុំសង្កាត់ ត្រូវអប់រំប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ដើមី្បធានាបានសិទ្ធិស្របច្បាប់ក្នុងនាមពលរដ្ឋកម្ពុជា។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា អាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ នៅក្នុង រដូវមានភ្លៀងធ្លាក់នេះ ដែលតែងតែបង្កឲ្យកើតមានជម្ងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនឈិក សំខាន់លើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

លោកក៏បានឯកភាពនូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥០នេះ ក្នុងគោលដៅជម្រុញដល់អាជ្ញាធរ សមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសោភណ្ឌភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងក្រុង ស្រុក ឃុំសង្កាត់ ជូនដល់គ្រប់គណបក្សនយោបាយ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ ម៉្យាងទៀត ចំពោះការដាក់បង្ហាញនូវបង្គោលព្រំប្រទល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នោះជាការល្អ សម្រាប់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់ បានស្គាល់ច្បាស់អំពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ដើមី្បបង្កានៅពេលមានហេតុការណ៍អ្វីកើតឡើងក្នុងការងាយស្រួលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា។

ជាមួយនេះដែរ សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន ពាក់ព័ន្ធប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព និងការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ សម្រាប់បម្រើឲ្យការបោះឆ្នោត (ឯ.អ ) ការដាក់ឈ្មោះព្រំប្រទល់រដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់ បញ្ហាសុំបង្កើតវត្តថ្មីក្នុងតំបន់រមណីយដ្ឋានអង្គរ បញ្ហាផ្លូវធ្វើស្អាត ត្រូវបានជីកកកាយ ធ្វើឲ្យខូចសោភណ្ឌភាពផ្លូវ ព្រមទាំងសុំឲ្យធ្វើការកែតម្រូវនូវរាល់បញ្ហាប្រឈមលើកឡើងជាន់គ្នាដដែលៗ របស់មន្ទីរពាក់ព័ន្ធមួយចំនួនផង​ដែរ៕