(កណ្តាល)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលគណបក្សប្រជាជន, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី០៦ ខែកក្កដា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំក្រាំងយ៉ូវ រួមទាំងសមាជិកគណបក្សចូលរួមជាង ៨០០នាក់។
លោកឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាងទាំងអស់ ជាពិសេសសមាជិក សមាជិកាគណបក្សដែលបានចូលរួមនៅថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសមាជិកគណបក្សចូលរួមថ្មីចំនួនជិត ២០០នាក់ ដែលស្នើមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបានសំដែងនូវសេចក្តីរីករាយ ដែលបានសកម្មជនគណបក្សប្រជាជនយើង ដែលគឺជាអ្នកស្មោះស្ម័គ្របំផុត សកម្មបំផុត មុះមុតអង់អាច និងក្លាហានបំផុតរបស់គណបក្សប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវីញថា ការដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងស្រុកស្អាង កាលពីថ្ងៃទី០១ កក្កដា កន្លងមកនេះ ជាឱកាសបង្ហាញពីសមាជិកភាព ក៏ដូចជាកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅរកភាពជោគជ័យសាជាថ្មី ដោយសារតែសមាជិកបក្សបានសំដែងនូវការជឿជាក់លើការដឹកនាំ និងលើអ្វីដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ជាពិសេសការរក្សាបាននូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបេតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ក្នុងការបោះឆ្នោតខាងមុខ ទោះបីជាពុំមានវត្តមានគណបក្សជំទាស់ (គណបក្សភ្លើងទៀន) ចូលរួមក្តី ក៏គណបក្សប្រជាជនកម្ពុជា មិនជិះសេះលែងដៃដែរ គឺគណបក្សប្រជាជនជានិច្ចកាលខិតខំប្រឹងប្រែង ដើម្បីបម្រើប្រជាជននិងប្រទេសជាតិ រក្សានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងការអភិវឌ្ឍ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាគឺ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សប្រជាជនកម្ពុជាមានគោលនយោបាយល្អបំផុត និងបានសម្រេចនូវសមិទ្ធិផលធំៗជាច្រើន សម្រាប់លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភវិឌ្ឍប្រទេសជាតិយើង។ ជាក់ស្តែង នៅក្នុងស្រុកស្អាង មានសមាជិកចូលរួមគណបក្សថ្មីចំនួន ១៦០០០នាក់។ ពីមួយថ្ងៃទៅមួយថ្ងៃ គណបក្សប្រជាជនកម្ពុជាគឺកាន់តែរឹងមាំ ដោយសារការជឿទុកចិត្ត និងការកើនចំនួនសមាជិក សមាជិកាបក្ស និងសកម្មជនគណបក្ស។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញា នៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត និងដើម្បីជ្រើសរើសមេដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរក្សាបាននូវសុខសន្តិភាព។
ក្រោយពីបញ្ចប់កម្មវិធីខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅតាមមណ្ឌលសកម្មភាពបក្ស នៅក្នុងភូមិចំនួន ៥ នៃឃុំក្រាំងយ៉ូវ គឺភូមិរកា ភូមិវិហារ ភូមិពីងពុង ភូមិសំរោង និងភូមិទួលក្រសាំង៕