(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធការឆេះក្លឹបខារ៉ាអូខេ និងណ្ឋាគារយីហោ 6969 ឃីស កាលពីថ្ងៃទី២ ខែកក្កដា ដែលបណ្តាលឱ្យស្លាប់មនុស្ស៨នាក់ ទៅកាន់សាលាដំបូងរាជធានិភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាម និងឈានទៅរកការចោទប្រកាន់តាមនីតិវិធីច្បាប់។
មន្ត្រីតុលាការ បានឱ្យអង្គភាពព័ត៌មាន Fresh News ថា សំណុំរឿងនេះ កំពុងស្ថិតល្នុងចំណាត់ការលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
របាយការណ៍បន្ថែមរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ផងដែរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ ដែលជាជាងដេគ័រជួសជុលទីតាំងខាងលើ និងជាអ្នកបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង។
ជនសង្ស័យទី១៖ ឈ្មោះ ខុម សុផល អាយុ៣០ឆ្នាំ មុខរបរជាងសេគ័រ, ទី២៖ ឈ្មោះ សយ សាន្ត អាយុ៣៤ឆ្នាំ មុខរបរកម្មករដេគ័រ, ទី៣៖ ឈ្មោះ ឡាក់ លីន អាយុ២៦ឆ្នាំ មុខរបរកម្មករដេគ័រ និងទី៤៖ ឈ្មោះ ខុន តាក់ អាយុ៣៣ឆ្នាំ មុខរបរកម្មករដេគ័រ។
ដោយឡែក ជនរងគ្រោះ៨នាក់រួមមាន៖ ទី១៖ឈ្មោះ អុឹង រាជសីហ៍ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបកប្រែភាសាចិន, ទី២៖ឈ្មោះ CHEN JINRAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន, ទី៣៖ឈ្មោះ OUYANY SHANGSONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន, ទី៤៖ឈ្មោះ WEN CHANG SHENG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន, ទី៥៖ឈ្មោះ YANG LIN TAO អាយុ២៣ឆ្នាំ ជនជាតិចិន, ទី៦៖ឈ្មោះ CHEN JINRAN អាយុ៣០ឆ្នាំ ជនជាតិចិន, ទី៧៖ឈ្មោះ TRAN NGOC TAN (ប្រុសកែភេទស្រី) អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងទី៨៖ឈ្មោះ ZENG SHILIN ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិចិន។
ផ្អែកតាមចម្លើយសារភាពរបស់ជាងដេគ័រឈ្មោះ ខុម សុផល អាយុ២៩ឆ្នាំ បានអះអាងថា ពួកខ្លួន៨នាក់ជាងផ្នែកដេគ័រ ៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក៥នាក់ធ្វើកោះពិដានដំបូលជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ ពួកខ្លួនកំពុងតែកោះពិដានក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដាកុងប្លាកេសាឡីកែវ នៅលើពិដានបង្កជាអណ្ដាតភ្លើងឡើង។
ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្គប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគង នៅលើឆ្អឹងដែកចាប់ពិដានឆេះ ភ្លាមនោះរូបខ្លួន និងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនរលត់រិតតែឆេះយ៉ាងសន្ធោរសន្ធៅឡើង ក្រោយមកក៏មានកម្លាំងអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់។
ឆ្លងតាមការពិនិត្យទីកន្លែងកើតហេតុ និងសាកសពព្រមទាំងតាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ សាកសពទាំង០៨នាក់ ស្លាប់ដោយឈ្លក់ផ្សែងភ្លើងក្នុងគ្រោះអគ្គីភ័យ។ អគ្គីភ័យខាងលើ ប្រើប្រាស់ឡានទឹកសរុប២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៨៨គ្រឿង ស្មើនឹង៣៥២ម៉ែត្រគូប ក្នុងនោះរថយន្តជំនួយ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៤គ្រឿង ស្មើនឹង៩៦ម៉ែត្រគូប។
បច្ចុប្បន្នសាកសពទាំង៨នាក់ បានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅចាត់ចែងទៅធ្វើបុណ្យតាមប្រពៃណី៕