(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យស្ថានភាព ការស្ថាបនាផ្លូវចំនួន ៣ខ្សែ ប្រវែងជាង ៣០គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចំនួន ៤ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងភូមិអន្លង់អក ត្រូវបានស្ថាបនាផ្លូវប្រវែងជាង ២,០០០ ម៉ែត្រ ប្រភេទ DBST ក្រាលកៅស៊ូ១ជាន់ ចូលទៅ ភូមិព្រែកគ្រួស ស្ថាបនារួចរាល់ជាស្ថាពរ ក្នុងឃុំសូគង។
ដោយឡែក ផ្លូវប្រវែង ២៧ គីឡូម៉ែត្រទៀត ស្ថាបនាចាប់ពីឃុំរាយប៉ាយ ដល់ ឃុំព្រែកកុយ និងឃុំស្ដៅ ក្នុងស្រុកកងមាស ដោយផ្លូវមួយខ្សែនេះ ស្ថាបនាជាផ្លូវបេតុងអាមេប្រវែង ជិត ៩ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូជាង ១៨ គីឡូម៉ែត្រ។ បច្ចុប្បន្ន ផ្លូវមួយខ្សែនេះ ស្ថាបនាបាន ៦៥ % ហើយ និងអាចស្ថាបនារួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាឥណទានធនាគារពិភពលោក បដិភាគជាមួយថវិការដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
លោកអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យមើល គម្រោងកែលម្អផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រវែងជាង ១,០០០ ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ដោយផ្លូវមួយខ្សែនេះឆ្លងកាត់ភូមិអន្លង់គគីរ និងភូមិព្រែកកុយ ត្រូវបានស្ថាបនារួចរាល់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីដដែលនេះ បានបញ្ជាក់ផងដែរថា ផ្លូវទាំងនោះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយរបស់ស្រុកកងមាស ដែលអាចនិយាយបានថា ផ្លូវនោះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅមានភាពប្រសើរឡើង ទាំងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលទៅរកទីផ្សារ និងការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន៕