គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងប្រារព្ធខួប១ឆ្នាំ នៅថ្ងៃទី០២សីហា
27-07-2016 12:25
(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) គ្រោងប្រារព្ធខួប១ឆ្នាំរបស់ខ្លួន នៅតាមមូលដ្ឋាន និងនៅក្នុងទីស្នាក់ការ កណ្តាលគណបក្ស ស្ថិតក្នុងផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។ នេះបើតាមការចេញផ្សាយ ក្នុងគណនី Facebook ផ្លូវការរបស់ គ.ប.ម។
Facebook ផ្លូវការរបស់គណបក្សដែលបង្កើតដោយ អង្គការសង្គមស៊ីវិលមួយនេះ បានឲ្យដឹងថា គណបក្សបានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើរបាយការណ៍ រីកចម្រើនរបស់ខ្លួន តាមថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិព្រមទាំងបានត្រៀមរៀបចំខួបមួយឆ្នាំនៃការបង្កើត គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។
សូមជម្រាបថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដោយការសាមគ្គីគ្នាពី ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួន។ គណបក្សនេះ ដឹកនាំលោក យ៉េង វីរៈ ជាប្រធានគណបក្ស, លោក សាម ស៊ុនឌឿន ជាអនុប្រធាន, លោក សាម អ៊ីន អគ្គលេខាធិការ, និងលោក ប៉ោ សេដ្ឋា ជាហិរញ្ញិកនៃគណបក្ស៕