(ភ្នំពេញ)៖ លោកដួង ដារ៉ា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ហៅ «ផ្សារដើមគរថ្មី ទំនើប២៤ម៉ោង» ដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

សកម្មភាពនេះ បានធ្វើឲ្យសាធារណៈជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងផ្ទុះការភ្ញាក់ផ្អើល និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំរោងការងារដ៏មហិមារមួយនេះ ហើយនៅពេលឆាប់ៗខាងមុខ និងជួយដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយទីផ្សារកសិកម្មជូនកសិករបានយ៉ាងល្អប្រសើរ។

គម្រោងមជ្ឈមណ្ឌលនេះ គឺផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរវាង ផ្សារសុភ័ក្រ្តមិត្ត និងអង្គការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាដៃគូអភិវឌ្ឍន៍អចិន្រ្តៃយ៍ ក្នុងការចូលរួមផ្ដួចផ្ដើមគោលគំនិត និងប្រឹក្សាយោបល់អំពីយន្តការការងារទូទៅ នៃគម្រោងអាជីវកម្មផ្នែកវិស័យឯកជន ដែលមានភាពប្រទាក់ក្រឡារហូតដល់សហគមន៍មូលដ្ឋាន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញ និងពង្រីកទំហំទីផ្សារកសិកម្មជូនកសិករ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ លោកដួង ដារ៉ា បានសំណេះសំណល និងពិភាក្សាយ៉ាងល្អិតល្អន់ ជាមួយលោក ផាន សុភ័ក្រ្ត ដែលជាស្ថាបនិកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា។

លោកផាន សុភ័ក្រ្ត បានជម្រាបជូនលោកដួង ដារ៉ា នូវលក្ខណៈពិសេសដ៏មានសារៈសំខាន់២ចំណុច នៃគម្រោង៖

ទី១៖ ពេលចាប់ផ្ដើមដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ហៅ «ផ្សារដើមគរថ្មី ទំនើប២៤ម៉ោង» មានផែនការប្រមូល និងទទួលទិញភោគផលកសិកម្មពីកសិករ ប្រមាណជា៥០០តោន ក្នុង១ថ្ងៃពីបណ្ដាសហគមន៍កសិកម្ម និងប្រជាកសិករ នៃខេត្តគោលដៅជុំវិញរាជធានីភ្នំពេញ សម្រាប់ធ្វើការចែកចាយបន្តឲ្យអាជីវករលក់ដូរតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ និងខេត្តអាទិភាពមួយចំនួន។

ទី២៖ ស្ថានភាពបច្ចុប្បន្នគម្រោង នៃមជ្ឈមណ្ឌលមានដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិមួយចំនួនកំពុងផ្ដោតការយកចិត្តទុកដាក់ ចំពោះកម្មវិធីអភិវឌ្ឍន៍លើវិស័យផ្សារឌីជីថលបែបនេះ ជាពិសេសអង្គការUSAID បាននិងកំពុងចាប់អារម្មណ៍ អំពីគោលការណ៍ប្រតិបត្តិគម្រោង យន្តការការងារនៃការវិវត្តន៍គម្រោង និងផែនការទិសដៅ រយៈពេលមធ្យមនិងវែង របស់មជ្ឈមណ្ឌល ដែលបច្ចុប្បន្នស្ថាបនិក សហស្ថាបនិក និងមន្រ្តីប្រតិបត្តិជាន់ខ្ពស់ បាននិងកំពុងធ្វើការទំនាក់ទំនងជាមួយអង្គការUSAID ជាបន្តបន្ទាប់។

ទន្ទឹមនេះដែរ លោកផាន សុភ័ក្រ្ត ក៏បានបញ្ជាក់បន្ថែមជូនលោកដួង ដារ៉ា អំពីទិសដៅនិងផែនការការងាររបស់មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា និងអង្គការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ត្រូវអនុវត្តន៍បន្ត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៤០ គ្រោងនិងរៀបចំបង្កើតមជ្ឈមណ្ឌល ជាទំរង់ផ្សារលក់បោះដុំបែមឌីជីថលនិងជាប្រព័ន្ធឲ្យបាន៥ទីតាំងធំៗនៅជុំវិញរាជធានីភ្នំពេញ ដោយត្រូវស្ថាបនា សាងសង់មជ្ឈមណ្ឌល៤កន្លែងបន្ថែមទៀត៖១, ផ្លូវចំការដូង ២,ផ្លូវហាណូយ ៣,ផ្លូវជាតិលេខ៥ និង៤,ផ្លូវ៦០ម៉ែត្រតំបន់ក្បាលថ្នល់ក្នុងកិច្ចសហការណ៍ជាមួយនិងសាលារាជធានីភ្នំពេញ ក្នុងការលុបបំបាត់ការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈជាបណ្ដើរៗ ជាពិសេសត្រង់ចំណុចម្ដុំចេនឡា កែងផ្លូវម៉ៅសេទុង ផ្លូវមុនីរ៉េត និងមុខផ្សារជម្ពូវ័នលើចិញ្ចើមផ្លូវជាតិលេខ៤ ព្រមទាំងរៀបចំនិងបង្កើបណ្ដាញផ្សារបុត្រសម្ព័ន្ធ នៅទូទាំង២៥រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលសបញ្ជាក់ឲ្យឃើញថាលោក ដួង ដារ៉ា មានការគាំទ្រយ៉ាងពេញទំហឹងលើផែនការស្នូលរួមជាមួយ និងយុទ្ធសាស្រ្តទិសដៅគម្រោងរបស់ស្ថាបនិក និងអង្គការដៃគូអភិវឌ្ឍន៍ ដែលមានគំនិតធ្វើឲ្យប្រជាកសិករកម្ពុជា មានទីផ្សារកសិកម្មឲ្យកាន់តែទូលំទូលាយ ម្យ៉ាងទៀតប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗមជ្ឈមណ្ឌល និងថ្នាក់ដឹកនាំមួយចំនួនមកពីក្រសួងស្ថាប័នជំនាញ ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានគាំទ្រផងដែរ៕