(ប៉េកាំង)៖ ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ជួបសវនាការជាមួយ លោក លី ឈៀនឆាវ អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ។
លោក លី ឈៀនឆាវ អនុប្រធានាធិបតី បានសម្តែងនូវការកោតសសើរ និងចាត់ទុកសម្តេចប្រធានរដ្ឋសភាជាឥស្សរជនមួយរូប បានចូលរួមវិភាគទានយ៉ាងខ្លំាងក្លា ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងចិន នាពេលកន្លងមក រហូតទំនាក់ទំនងប្រទេសទំាងពីរ បានឈានដល់ចំនុចកំពូលមួយគឺ «កិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។
លោកអនុប្រធានាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូរដ្ឋសភា មកកាន់ប្រទេសចិន នាពេលនេះជាដំណើរទស្សនកិច្ច ដ៏មានសារសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ(កម្ពុជា-ចិន) ឲ្យរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះលោក លី ឈៀនឆាវ បានគូសបញ្ជាក់ថា ប្រទេសចិន អរគុណកម្ពុជា ដែលមានជំហរយុត្តិធម៌ចំពោះប្រទេសចិន លើបញ្ហាសមុទ្រចិនខាងត្បូង។
សម្តេចពញាចក្រី ហេង សំរិន បានរំលឹកពីទំនាក់ទំនងជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ ដែលបានស្ថាបនាឡើងដោយអតីតព្រះប្រមុខរដ្ឋកម្ពុជា គឺព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ជាមួយនឹងលោកប្រធាន ម៉ៅ សេទុង និងលោកនាយករដ្ឋមន្រ្តី ជូ អេនឡាយ តាំងពីទសវត្សរ៍ ១៩៥០។
សម្តេចបានសម្តែងនូវមោទនៈភាពដែលអ្នកជំនាន់ក្រោយបានរួមគ្នាបន្តជំរុញ លើកស្ទួយមរតកជាប្រវត្តិសាស្រ្តនេះ ឲ្យឈានដល់កម្រិតកំពូល គឺកិច្ចសហ ប្រតិបត្តិការ ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
ក្នុងនាមរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ និងគំាទ្រពេញទំហឹងចំពោះវឌ្ឍនៈភាព នៃកិច្ចសហប្រតិបត្តិការវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសអនុស្សារណៈនៃកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នាកន្លងមក និងដែលបាន កំពុងអនុវត្តជាក់ស្តែង បាននាំមកនូវឧត្តមប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រទេស និងប្រជាជនទាំងពីរប្រទេសគឺកម្ពុជា និងចិន។
សម្តេចពញាចក្រី ហេង សំរិន បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននូវគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវសេដ្ឋកិច្ចសូត្រ និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជានយោបាយតភ្ជាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។ ទាំងនេះមិនត្រឹមតែបានចូលរួម ចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែធានាបាននូវការអភិវឌ្ឍន៍ និងវិបុលភាពទាំងអស់គ្នា សម្រាប់បណ្តាប្រទេស តាមបណ្តោយខ្សែក្រវ៉ាត់វិថីសូត្រ រួមទាំងកម្ពុជាផង។
ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋសភាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពីពេលថ្មីៗ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងបានសំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រើប្រាស់យន្តការ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង និងជំរុញការចរចារដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ។
លោក លី យៀនឆាវ បានគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ សម្តេច ហេង សំរិន និងបានគូសបញ្ជាក់ពីជំហររបស់ប្រទេសចិន ក្នុងការជួយគំាទ្រលើការអភិវឌ្ឍន៍របស់កម្ពុជា។ ប្រទសចិនជាដៃគូដ៏ជិតស្និទ្ធមួយរបស់កម្ពុជា និងបន្តគាំទ្រកម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ប្រទេស និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិជានិច្ច៕