(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ ធ្វើការស្តារនិងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយឲ្យបាន នូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង។

លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា នៅភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានអោយដឹងថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ31BT, 12BT, 16BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ព្រោះប្រព័ន្ឋលូ បានកកស្ទះជាខ្លាំង ពោលគឺនៅពេលភ្លៀងម្តងៗ តែងតែលិចលង់។ ជាក់ស្តែងនាប៉ន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំងបណ្តាលអោយតំបន់បឹងទំពុននេះទទួលរងការលិចលង់យ៉ាងខ្លាំង។ តែដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន។

ដោយឡែកសម្រាប់ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ31BT, 12BT, 16BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១នេះ បើទោះបីទឹកហូរអស់ពីផ្លូវ និងពីក្នុងផ្ទះក្តី ក៏បណ្តាញលូខាងលើនៅស្ទះដែរ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលខណ្ឌមានជ័យ អនុវត្ត តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានី បានធ្វើសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ ស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែនិងក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងទី២ តែម្តង។

លោកអភិបាលបន្តថា ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ31BT, 12BT, 16BT មានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកទៅប្រឡាយបឹងទំពុន មុននឹងហូរទៅដល់ស្ថានីយបូមទឹកបឹងទំពុន បើប្រពន្ធ័លូទាំងនេះស្ទះហើយ គឺពិតណាស់ថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ គឺតំបន់នេះត្រូវលិចលង់ហើយ។ ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញណែនាំអោយអាជ្ញាធរ និងមន្ទីរជំនាញ ស្តារ និងបូមលូទាំងនេះតែម្តង សំដៅធ្វើយ៉ាងណាដោះស្រាយការលិចលង់ផ្លូវ និងផ្ទះប្រជាពលរដ្ឋឲ្យបាន។

គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​ ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យនេះ ចំនួន២ថ្ងៃមកហើយ ដោយប្រើប្រាស់រថយន្តបូមលូ ៣គ្រឿង ជាមួយនិងការបុក ស្តារដោយកម្លាំងដៃផងដែរ៕