(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា គុណបំណាច់ និងវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ល្អសម្រាប់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានទំនុកចិត្តមកលើសម្តេចតេជោ ហ៊ុន សែន ដោយទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្តដាខាងមុខនេះ ពិសេស គណបក្ស ប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី១៨។
ការលើកឡើងរបស់លោកស្រី ឃួន ឃុនឌី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភូមិចុងព្រៃ ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ និងពន្យល់ពីរបៀបគូសសន្លឹកឆ្នោត ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៣។
លោកស្រីបានបន្តថា សម្ដេចតេជោ ហ៊ុន សែន ជាវីរបុរសរបស់គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនូវនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមខ្មែរទាំងអស់ឲ្យបានឈ្នះទាំងអស់គ្នា ដោយគ្មានខ្មែរណាមួយចាញ់ឡើយ ការអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ដែលកើតមានរាប់រយសតវត្សកន្លងមក។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏សម្ដេចមិនរត់ទៅណាចោល ប្រជាពលរដ្ឋ ខ្មែរឡើយ គឺបានរួមសុខរួមទុក្ខជាមួយគ្នាជានិច្ច។
លោកស្រី ឃួន ឃុនឌី បានអះអាងទៀតថា ក្រោយពីបញ្ចប់សង្គ្រាមជាស្ថាពរនៅឆ្នាំ១៩៩៨ កម្ពុជាបានប្រែមុខមាត់ថ្មីក្រោមការដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំនយោបាយយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ន មានដូចជានយោបាយ យុទ្ធសាស្ត្រ ត្រីកោណ នយោបាយយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងកំណើតសេដ្ឋកិច្ចជាតិកើនឡើងជាបន្តបន្ទាប់៕