(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្រ្ត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួនជិត៣ពាន់នាក់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ និងថ្នាក់ដឹកនាំកំពូល ថ្លែងអំណរគុណ កោតសសើរ ចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពអ្នកស្រុកមង្គលបូរី ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់សម័យកាលបោះឆ្នោតជារៀងរហូតមក។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលនាំកម្ពុជាក្លាយជាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ពលិកម្មគ្រប់បែបយ៉ាង គ្រប់ដំណាក់កាលក្នុងបុព្វហេតុនាំសុខសន្តិភាព ពេញលេញ ជូនប្រជាពលរដ្ឋ ស្តារអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ប្តេជ្ញាបន្តការខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ និងសូមបងប្អូនជនរួមជាតិ សមាជិកទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់រៀងខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីសន្តិភាព និងការអភិវឌ្ឍ សម្រាប់អនាគតយើង កូនចៅយើង៕