(កណ្តាល)៖ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា សមិទ្ធផលនានារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈកាលប្រមាណ ៤៤ឆ្នាំកន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។

នេះជាប្រសាសន៍របស់លោក ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយគណបក្សឃុំ ប្រធានមណ្ឌលសកម្មភាពបក្ស និងប្រធានក្រុមបក្ស ចំនួន ៩ឃុំ ក្នុងចំណោម ១៨ឃុំ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោកបានបន្តថា គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសមាជិក សមាជិកា គណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាមរយៈការធ្វើពលីកម្មលើ ការកសាង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ច-សង្គម កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត»។

ជាមួយគ្នានេះដែរ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ចូលរួមបំពេញកាតព្វកិច្ចទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕