(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវប្រជាពលរដ្ឋកុំរំលោភយកដីរបស់រដ្ឋដោយខុសច្បាប់ ទោះជាដីចំណីព្រែក បឹង ប្រឡាយ ឬទីតាំងដីសាធារណៈរបស់រដ្ឋ ប្រសិនបើរកឃើញថា មានការរំលោភនោះ នឹងរឹបអូសយកដីមកវិញ ហើយនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលល្មើសច្បាប់។
លោកបណ្ឌិត បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងវេទិការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងស្រុកអង្គរជ័យ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។
លោក ម៉ៅ ធនិន បានបន្តថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានយល់ច្បាស់អំពីច្បាប់ ហើយបានបំពានយកដីសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់ ដូច្នេះប្រសិនបើបងប្អូន បានរំលោភយកហើយនោះ សូមប្រគល់ជូនរដ្ឋវិញ។
ម្យ៉ាងទៀតអ្នកដែលពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាសាធារណៈ ប៉ះពាល់ជាមួយតម្រូវការ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំពានទៅលើផ្លូវច្បាប់ ក៏សុំយកដីទាំងនោះមកវិញទាំងអស់ដែរ។ មិនអាចឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋរបស់យើង បំពានទៅលើច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់គឺរស់នៅស្ថិតក្រោមច្បាប់ទាំងអស់ ហើយយើងក៏ត្រូវតែចូលរួមគោរព ច្បាប់ទាំងអស់គ្នា។
លោកអភិបាលខេត្ត ក៏បានលើកបញ្ចាក់ដែរថា រាល់បញ្ហាទំនាស់នៅក្នុងខេត្តកំពត រហូតមកដល់សព្វថ្ងៃនេះ មានការថយចុះគួរឱ្យកត់សម្គាល់ ក្រោយពីមានការចុះដោះស្រាយនៅតាមបណ្តាក្រុង-ស្រុក ស្ទើទាំងអស់ក្នុងខេត្ត ដែលគិតចាប់ពីពេលដោះស្រាយមកគឺមានចំនួនជាង ២ពាន់ករណីមកហើយ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យឱ្យបានញឹកញ៉ាប់ និងច្បាស់លាស់បំផុត នៅពេលដែលប្រជាពលរដ្ឋស្នើសុំសាងសង់សំណង់ ឬធ្វើអ្វីមួយនៅក្បែរ នឹងដីសាធារណៈរបស់រដ្ឋ ហើយពន្យល់ណែនាំអំពីច្បាប់មួយចំនួន ដល់ពួកគាត់ ធ្វើយ៉ាងណាកុំឱ្យមានការរំលោភយកដោយមិនបានដឹងពីច្បាប់៕